(ខេត្តបន្ទាយមានជ័យ ៖ រថយន្តបើកផ្ទុយទិសបុកគ្នាពេញទំហឹងមនុស្ស១នាក់ បានស្លាប់ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលខ្សែភ្លើងលេខ០៤៨០-០៤៨១ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2V-4640 អ្នកបើកមានឈ្មោះ ប៊ុនចាន់ ស៊ីសុវត្ថិ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្តមួយគ្រឿងទៀត ស្របគ្នាពីលិចទៅកើត ក៏រេក៏រេចង្កូតទៅខាងឆ្វេងដៃ ចូលគន្លងទើបបញ្ច្រាស់ បុកជាមួយរថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-1881 អ្នកបើកមានឈ្មោះសឿន មិនា ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិតាអ៊ិន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅផ្ទុយគ្នាចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹង ធ្វើឱ្យអ្នកជិះក្នុងរថយន្តកូរូឡាបានស្លាប់ម្នាក់នៅនឹងកន្លែង ឈ្មោះ ឃឿន ប៊ុនធា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្រុកសៀមរាប និងម្នាក់ទៀតមិនស្គាល់ឈ្មោះ រងរបួស។
ចំណែកអ្នកជិះរថយន្តហាយឡែនឌ័រ រងរបួសធ្ងន់ម្នាក់ឈ្មោះទីង គង់ ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិតាអ៊ីន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ របួសបាក់កដៃស្តាំ និងអ្នកបើករថយន្តឈ្មោះសឿន មិនា របួសស្រាល។
អ្នករងរបួសធ្ងន់ និងស្រាល ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំពោះសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។រថយន្តខូចខាតធ្ងន់ទាំង២គ្រឿង កម្លាំងនគរបាលជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕