(ភ្នំពេញ) ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នាល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចៅក្រមសាលាដំបូងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចផ្តន្ទាទោសលើឈ្មោះ លៀម ប៊ុនរឿន អតីតប្រធានមន្ទីរខេត្តពោធិ៍សាត់ ពីបទសម្អាតប្រាក់ បទរំលោភអំណាច និងបទវិតិក្រម ដាក់ពន្ធនាគារកំណត់រយៈពេល ៨ (ប្រាំបី) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨.០០០.០០០ លានរៀល ។
បន្ថែមលើការផ្តន្ទាទោស ទ្រព្យសម្បត្តិមួយចំនួនដែលជាផលនៃបទល្មើស ឬកើតចេញពីផល នៃបទល្មើសត្រូវតុលាការ សម្រេចរឹបអូសទុក ជាទ្រព្យសម្បត្តិរដ្ឋមានជាអាទិ៍ដូចជា៖
-អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅបុរីប៉េងហួត (ប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ) រាជធានីភ្នំពេញ
-អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅភូមិដូងជ្រុំ ខេត្តពោធិ៍សាត់
-អចលនវត្ថុ (ដីផ្ទះ) មានទីតាំងស្ថិតនៅភូមិស្ពានថ្ម ខេត្តពោធិ៍សាត់
-រថយន្តចំនួនមួយគ្រឿង ម៉ាក Lexus 570 ពណ៌មាស សេរីឆ្នាំ២០១០ មួយគ្រឿង
-រថយន្តម៉ាក KIA Morning ពណ៌ ស សេរីឆ្នាំ២០១២ មួយគ្រឿង
-និងទ្រព្យសម្បត្តិមួយចំនួនទៀត ។
លោកគុជ គឹមឡុង បានបន្ថែមថា អ្នកពាក់ព័ន្ធ ១-ឈ្មោះ តែ ប៊ុនថេង អតីតមន្ត្រីច្រកចេញចូលតែមួយ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ (ពីរឆ្នាំ ប្រាំមួយខែ) និងពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន) រៀល និង ២-ឈ្មោះ ជាង វុទ្ធី អតីតអនុប្រធានមន្ទីរ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលាន) រៀល ពីបទវិតិក្រម។
ការផ្ដន្ទាទោសនេះ ក្រោយពីតុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទទាំង៣នាក់ នៅពន្ធនាគារព្រៃស បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនពួកគេពាក់ព័ន្ធនឹងករណីទាមទារប្រាក់ពីក្រុមហ៊ុនវិនិយោគរោងចក្រមួយចំនួនដែលបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តពោធិ៍សាត់៕