លោកមេគយ ឈូន ហៃ កំពុងប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនពីទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ
ដោយ Heng  ថ្ងៃទី 5 July, 2022  ម៉ោង 08:00 | រាយការណ៍​ពិសេស

(ខេត្តកំពង់ស្ពឺ)៖ ​លោក ឈូន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ រងការចោទប្រកាន់ថា កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឱ្យដឹងទៀតថា ដោយសារចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ ទើបលោក ឈូន ហៃ ខំប្រឹងប្រព្រឹត្តអំពើពុករលួយប្រមូលលុយ​ស្រង់ដើមយ៉ាងតក់ក្រហល់ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពបានបន្តឱ្យដឹងថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺជាបង្អែករឹងមាំរបស់លោក ឈូន ហៃ ហើយបណ្តោយឱ្យប្រធានសាខាគយខេត្តកំពង់ស្ពឺ រូបនេះធ្វើអ្វីៗតាមអំពើចិត្ត។

មន្ត្រីគយនៅក្នុងខេត្តកំពង់ស្ពឺបានឱ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៩ ហើយចាប់ផ្តើមសាងភាពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័សដើម្បីប្រលុយស្រង់ដើម។ ប្រភពបានឱ្យដឹងទៀតថា លោក ឈូន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ មិនដែលខ្វល់ពីរឿងចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ យ៉ាងពេញ បន្ទុកនោះទេ។ ផ្ទុយទៅវិញលោក ឈូន ហៃ និងបក្ខពួកបានបង្កើតកុងត្រូលជជុះនៅមុខស្នាក់ការគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ដើម្បីគាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញស្រាច់តែអំពើចិត្តហើយគ្មានឈ្មួញណាតវ៉ាបានទេ។

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺបានឱ្យដឹងថា បច្ចុប្បន្នលោក ឈូន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាហើយក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ ជាការដែលលោក ឈូន ហៃ ចាប់កំហុសប្រមូលយកប្រាក់យ៉ាងសុខស្រួល ហើយគេមិនដែលឃើញមានវិធានការបង្ក្រាបបានមួយករណីនៅឡើយទេ។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បណ្តោយឱ្យលោក ឈូន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ប្រព្រឹត្តអំពើពុករលួយយ៉ាងដូច្នេះទេ។ ពាក់ព័ន្ធការលើកឡើងខាងលើនេះគេហទំព័រ ខ្មែរអង្ឋរ មិនទាន់អាចសុំការបំភ្លឺពីលោក ឈួន ហៃ បាននៅឡើយទេ៕

loading...