(ខេត្តបាត់ដំបង)៖ រថយន្តម៉ាកស្តារិចបើកមិនប្រកាន់ស្ដាំរេចូលទៅគន្លង កន្ទុយទិសទិសត្រូវបានរថយន្តធន់ធំបុកចំពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់កៀបជាប់នៅក្នុងរថយន្ត និងម្នាក់ទៀតរងរបួសប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹកទី២៣ ខែកុម្ភ: ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ (240 និង 241)ស្ថិតក្នុងក្រុមទី៥ ភូមិអូគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកស្តារេច ប្រភេទដឹកអ្នកដំណើរ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-7130 អ្នកបើកបរឈ្មោះ គង់ ឌឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពន្លៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់), អ្នករួមដំណើរម្នាក់ ឈ្មោះ ប៉ិច ប្រុស ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិក្រាំងតាសែន ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ធ្វើដំណើរមកពីបាត់ដំបងទៅភ្នំពេញ។ មកដល់ចំណុចកើតហេតុ បានបុករថយន្ត១គ្រឿង ម៉ាកនីសាន់ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខចង្កូតស្ដាំ BB- 0244 សណ្ដោងស៊ឺមីរឺម៉ក ផ្លាកលេខ បាត់ដំបង 4A-0013 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ធ្វើដំណើរច្រាស់ទិសគ្នា។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យរថយន្តខូច ០២គ្រឿង ស្លាប់មនុស្សម្នាក់ (ប្រុស) របួសមធ្យមម្នាក់ (ប្រុស) បញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកមោងឫស្សី។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តម៉ាកស្តារេចតូច ពាក់ផ្លាកលេខព្រះសីហនុ 2A-7130 ធ្វើដំណើរមិនប្រកាន់ស្ដាំ បានបើកចូលគន្លង រថយន្តធំ។ ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងបញ្ជូន ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង រង់ចាំដោះស្រាយពេលក្រោយ៕