(ភ្នំពេញ) ៖ បុរសវ័យចំណាស់ម្នាក់ ទំនងស្រវឹងស្រា បើក រថយន្តស៊េរីទំនើបលឿន បានជ្រុលចង្កូតទៅប៉ះបង្កាន់ដៃ ស្ពានអាកាសស្ទឹងមានជ័យក្រឡាប់ សំណាំងល្អ បុរសរូបនោះរងរបួសស្រាល ។ ហេតុការណ៍នេះបានកើយឡើងកាលវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅត្រង់គល់ស្ពានស្ទឹងមានជ័យខាងត្បូង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
សម្ត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្ត ម៉ាក LAND ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-7788 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅប៉ះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ហើយក្រឡាប់ដេកមួយចំហៀងច្រងាងៗ។ ភ្លាមៗនោះ បុរសវ័យចំណាស់ជាម្ចាស់រងរបួសស្រាល បានគេចខ្លួនចេញពីកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឲ្យចុះមកវាស់វែង រួចយករថយន្តបង្កទៅរក្សាទុក រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕