ទីបំផុតសមត្ថកិច្ចបញ្ជូនអ្នករកស៊ីលក់ទំនិញតាមអនឡាញ ឈ្មោះថៃ ស្រីនាង ទៅតុលាការ នៅរសៀលថ្ងៃនេះ ដែលហ៊ានឌឺនឹងសម្ដេចតេជោ
ដោយ Heng  ថ្ងៃទី 20 February, 2020  ម៉ោង 15:40 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង អ្នកលក់ផលិតផលតាមអនឡាញ ដែលកន្លងមកឡាយលក់រ៉ូប អាវទ្រនាប់ បង្ហាញកាយស្ទើរតែអាក្រាតមិនគិតពីកេរ្តិ៍ខ្មាសនោះ ត្រូវបាននគរបាលខណ្ឌទួលគោក បញ្ជូនមកតុលាការ ពាក់ព័ន្ធបទល្មើសផុសរូបភាព និង សម្ភារៈអាសអាភាស ដោយមិនគោរពនូវកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសមត្ថកិច្ចសន្យាថាបញ្ឈប់ និងមានការសុំទោសជាសាធារណៈកាលពីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២០។ បើយោងតាមមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដែលជាប់ទោសចាប់ពី ១ខែដល់១ឆ្នាំ។

សូមរំលឹកថា កាលពីទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំខ្លួនយកមកធ្វេីការអប់រំ ណែនាំ និងធ្វេីកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វេីឱ្យប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និង បានយល់ព្រមថតជាវីដេអូដេីម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់ ។ បន្ទាប់ពីធ្វេីកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១ និង៣០នាទី ក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង ២ និង៣៥ នាទី រសៀលថ្ងៃដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ។

នៅវេលាម៉ោង ៤ និង២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យសមត្ថកិច្ច បិទការ Live ទាំងឡាយណា ដែលជាការលក់ផលិតផលតាមអនឡាញ ហើយបញ្ចេញកេរ្តិ៍ខ្មាសរបស់ស្ត្រី ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះ , សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឱ្យធ្វើបែបនោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ ។

ភ្លាមៗក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន , នាង ថៃ ស្រីនាង ដែលលក់រ៉ូបថតស្ទើរចេញកេរ្តិ៍ភេទ តាម Facebook ដែលកំពុងរងការរិះគន់នោះ បានបញ្ចេញមតិមួយចំនួន ដែលសមត្ថកិច្ចចាត់ទុកថា មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ។

នាង ថៃ ស្រីនាង សរសេរថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវស្តាប់ប្រសាស៍សម្តេចហេីយ ចង់ខ្យល់ មេីរទៅ ត្រូវដូរមុខរបរទៀតហេីយខ្ញុំសម្តេចអេីយសម្តេច ជួយសេង រ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បេីសល់ច្រេីនម្លឹងៗ បានលុយឯណាសងគេ លោកអេីយលោក ឆ្កួតងាប់លូវហេីយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”។

ហើយនៅថ្ងៃទី១៩ ខែកុម្ភៈ នេះ សមត្ថកិច្ចខណ្ឌទួលគោក បាននាំខ្លួននាង ថៃ ស្រីនាង មកសួរនាំរឿងចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ឱ្យបញ្ឈប់ការ LIVE ស្ទើរចេញកេរ្តិ៍ភេទនោះ ហើយបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំង Live Video សុំទោសជាសាធារណៈចំពោះការ ស្លៀកពាក់របស់ខ្លួនកន្លងមក៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...