(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងជោគជាំ បើករថយន្តហាយឡែនឌ័រ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ឆ្លងផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្តម៉ាកលុចស៊ីស RX330 ១គ្រឿងពេញទំ ហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ១១យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងត្បូងស្ថានីយប្រេងឥន្ធន: តូតាល់ប្រមាណ៥០ម៉ែត្រ តាមបណ្ដោយផ្លូវ២៦១ កែងនឹងផ្លូវ១៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាកលុចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-5291 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២៦១ បានបើកឆ្លងផ្លូវ១៩២ ស្របពេលនោះ ក៏មានរថយន្ត ១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-0603 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកពេញទំហឹង បណ្ដាលឱ្យគាបជាប់គ្នាទៅមុខលែងរួច។
ជាលទ្ធផល រថយន្តលុចស៊ីស RX330 រងការខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងស្តាំយ៉ាងដំណំ ចំណែកឯរថយន្តហាយឡែនឌ័រ រងការខូចខាត ធ្លាក់កាងខាងមុខ តែមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ សម្របសម្រួលភាគីទាំងពីរ ប៉ុន្តែដោយភាគីទាំងពីរចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញឲ្យចុះវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕