
(ខេត្តកំពង់ឆ្នាំង)៖ មន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង មួយចំនួនបានបង្ហើបឱ្យដឹងថា រហូតមកដល់ពេលនេះលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង កាន់តែបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងអគ្គនាយករងគយជាច្រើនរូបទៀតកំពុងរក្សាភាពស្ងៀមស្ងាត់បណ្ដោយឱ្យលោក ហ៊ាល ទូច សាងភាពល្បីល្បាញកាន់តែខ្លាំងខាងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ដែលសូម្បីតែអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំងក៏មានការលើកឡើងរិះគន់ចំពោះសកម្មភាព អវិជ្ជមានរបស់របស់សាខាគយដែលនាំឱ្យប៉ះពាល់ដល់ភាពស្អាតស្អំ មុខមាត់របស់ខេត្តកំពង់ឆ្នាំង។
ប្រភពបានលើកឡើងថា លោក ហ៊ាល ទូច មួយរយៈចុង ក្រោយនេះឈ្មួញដឹកជញ្ជូកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ ក្រុមការងារលោក ហ៊ាង ទូច បានរឹតបន្តឹងការត្រួតពិនិត្យទំនិញ ហើយត្រូវរងការគាបសង្កត់យកលុយក្រោមតុពីសំណាក់ ហ៊ាល ទូច កាន់តែច្រើនឡើងៗ។ ទោះបីឈ្មួញខ្លះដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីការចាប់កំហុសរបស់ លោក ហ៊ាល ទូច បានឡើយ ហើយតម្រូវឱ្យបង់ប្រាក់មិនអាចប្រកែកបានឡើយ។ ហើយរាល់ការបង់លុយមិនទទួលបានបង្កាន់ដៃឬវិក្កយបត្របង់ប្រាក់នោះទេ។ ដែលនេះចាត់ទុកថាជាការប្រមូលលុយច្រកហោប៉ៅ។
ទន្ទឹមនឹងនេះឈ្មួញធំៗដែលដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ ក៏ក្លាយជាប្រភពចំណូលដ៏មិនចេះរីងស្ងួត។ ម្យ៉ាងទៀតទៀតដោយសារក្រុមឈ្មួញដឹកទំនិញមួយចំនួនធំបង្កប់ទំនិញបង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធ និងទំនិញហាមឃាត់ឬខូចគុណភាព ដែលធ្វើឱ្យលោក ហ៊ាល ទូច ចាប់កំហុស ហើយបើមិនដោះស្រាយលុយក្រៅផ្លូវការខ្លះទេ លោកនៅមានវិធានការតាមផ្លូវច្បាប់ ដែលកាន់តែធ្វើឱ្យមានការខូចខាតពេលវេលា និងការពិន័យកាន់តែអស់ប្រាក់ច្រើនជាងនេះទៅទៀត។ ករណីនេះបានផ្ដល់ឱកាសឱ្យលោក ហ៊ាល ទូច ជំរិតឈ្មួញបានតាមអំពើចិត្ត។ ហើយលោក ហ៊ាល ទូច តែងតែយកឈ្មោះថ្នាក់លើមកបន្លាចឈ្មួញបន្ថែម ដើម្បីបង្ខំឱ្យបង់ប្រាក់តាមការកំណត់។
ប្រភពបញ្ជាក់ថា ក្នុងមួយថ្ងៃមួយថ្ងៃរថយន្តដឹកទំនិញពីព្រំ ដែនថៃមានរាប់រយគ្រឿង ចំណែករថយន្តដឹកទំនិញទៅកាន់ព្រំដែនថៃវិញដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដោយមិន រាប់បញ្ចូលករណីរថយន្តដឹកជញ្ជូនទំនិញដោយបង្កប់ទំនិញគេចពន្ធឬទំនិញខុសច្បាប់ ដែលត្រូវពិន័យ និងបង្គាប់ឱ្យបង់លុយក្រោមតុ និងចំណូលបានពីរថយន្តបង់ខែនោះផង គ្រាន់តែលោកគយសុំថ្លៃបាយក្នុងថ្ងៃ១រថយន្តចាប់ពី ១០ ម៉ឺនរៀល ២០ ម៉ឺនរៀល ដែលក្នុងមួយថ្ងៃ មន្ត្រីគយក្រោមបង្គាប់លោក ហ៊ាល ទូច អាចប្រមូលលុយបានខ្ទង់ម៉ឺនដុល្លារ។ ករណីនេះមានអ្នកនិយាយលេងសើចថាបើលោកគយខេត្តកំពង់ឆ្នាំងយកទៅទិញបាយហូបប្រាកដជាហូបរហូតដល់បែកពោះ ក៏មិនអស់លុយដែរ។
ជុំវិញរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហ៊ាល ទូច ដូចរៀបរាប់ត្រួសៗខាងលើនេះទើបមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង មួយចំនួនបានអំពាវនាវឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ខ្លះផង។ ដោយហេតុថា លោក គុណ ញឹម ដែលជាមេគយធំៗ ក៏ដូចជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាច្រើនរូបទៀត ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះរឿងនេះ។ ដូច្នេះហើយទើបលោក ហ៊ាល ទូច ប្រធានសាខាគយខេត្តកំពង់ឆ្នាំង តែងប្រើឈ្មោះលោក គុណ ញឹម ដើម្បីបិទបាំងរឿងអាស្រូវពុក រលួយ បន្លាចមន្ត្រីក្រោមបង្គាប់ឱ្យខ្លបខ្លាចឥទ្ធិពល និងពេលខ្លះ បន្លាចពួកក្រុមឈ្មួញរកស៊ីដឹកទំនិញ ដើម្បីទាញយកលាភ សក្ការៈ។ តែគេពិបាកដឹងថា លោកគុណ ញឹម បានដឹងរឿងនេះដែរឬយ៉ាងណានោះទេ។
ទាក់ទិននឹងមតិចោទប្រកាន់ខាងលើនេះអង្គភាព គេហទំព័រខ្មែរអង្គរ មិនទាន់អាចសុំការបំភ្លឺ ពីលោក ហ៊ាល ទូច បាននៅឡើយ៕