(ខេត្តកំពង់ស្ពឺ)៖ រថយន្តបុកគូទរថយន្តពីក្រោយជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នង ហើយរថយន្ត១គ្រឿងទៀត បន្តទៅបុករថយន្តចតស្ងៀម១គ្រឿងទៀតឈប់ស្ងៀម តែសំណាង ល្អមិនមានមនុស្សគ្រោះថ្នាក់ទេ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៣៤ និង៣៥ ចំណុចភូមិផ្សាស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកTACOMA ពណ៌ទឹកប្រាក់គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ប៊ុន ធី ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ បើកបរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាក HYUNDAI Porter ពណ៌ខៀវ ពាក់ផ្លាកលេខក្រចេះ 2A-0238 ហើយមិនទាន់អស់ល្បឿនបន្តបុកចូលផ្ទះពលរដ្ឋមួយខ្នងទៀតសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុ មន្ត្រីជំនាញបានយកវត្ថុតាងរថយន្តទាំងបីគ្រឿង ខាងលើយកទៅរក្សាទុកនៅផ្នែកចរាចរផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕