(ភ្នំពេញ) ៖ បើករថយន្តលឿនពេកផ្ទុះកង់មុខរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ និងមនុស្ស៣ នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១២ រំលង អាធ្រាត្រឈាមចូលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ សស្ថិតនៅតាមនៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរមានឈ្មោះ ឈួន គឹម ហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល រងរបួសស្រាល និងអ្នករួមដំណើរប្រុសស្រី៣នាក់ទៀត៖ ទី១- ជនរងគ្រោះមាន ឈ្មោះ ឆេង ណារ៉ូ អាយុ២៣ ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅ សង្កាត់ព្រែកហូ ក្រុងតាខ្មៅខេត្តកណ្តាល ជាអ្នករួមដំណើរ ស្លាប់នៅនិងកន្លែងកើតហេតុ។ ទី២- ឈ្មោះ ស្រីពេជ្រ ភេទស្រី អាយុ២៣ របួសបាក់ដៃស្ដាំ។ ទី៣ ឈ្មោះ លីន ភេទ ស្រី អាយុ២៣ របួស ស្រាល។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកLEXUS (GS300) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-6479 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរដោយប្រុសស្រី៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែរថយន្តបែកកង់មុខខាងស្តាំ ក៏រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងនារីម្នាក់រងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិកឯកជន ដឹងយកទៅជួយសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯបើកបរ និងនារីម្នាក់ទៀត រងរបួសស្រាលបានចាកចេញបាត់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទុករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។ សាកសពបានប្រគល់ឱ្យសាច់ញាតិ៕