(ភ្នំពេញ) ៖ បុរសម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ ពីជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកពីក្រោយពេញទំហឹងកិន រួចបើកគេចបាត់ កាលពីវេលា ម៉ោង១២ និង៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ដែរស្ថិត នៅតាមបណ្តោយផ្លូវ៥៩៨ ត្រង់ចំណុច មុខផ្លូវចូលបុរីប៉េង ហួត ក្នុងសង្តាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែរស្លាប់មានឈ្មោះ សេង វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្នាក់នៅ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ជាអ្នកអង្គុយពីក្រោយ។ រីឯម្នាក់ទៀតមាន ឈ្មោះ សៀម សុរះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាអ្នកបើកម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1G-8899។
សាក្សីក្បែរនោះបានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ជិះម៉ូតូតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធន់ធំ មិនចាំម៉ាក់មួយគ្រឿង ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនបត់ឆ្លងផ្លូវ ក៏ជ្រុលមកបុកផ្នែកខាងក្រោយនៃម៉ូតូជនរងគ្រោះខាងលើពេញទំហឹង បណ្តាយឱ្យជនរងគ្រោះម្នាក់ត្រូវរថយន្តកិនស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យ ដឹកយកទៅសង្រ្គោះបន្ទាន់។ ចំណែក រថយន្តបង្កមិនបានឈប់មើលជនរងគ្រោះទេ គឺបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់រួចវាស់វែងយកម៉ូតូជនរងគ្រោះយកទៅរក្សាទុករងចាំប្រគល់ឱ្យនៅពេលក្រោយ។ ដោយឡែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិ៕