(ភ្នំពេញ)៖ លោក យ៉ែម ណយ ប្រធាន នាយកដ្ឋានមណ្ឌលព័ត៌មាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានកោះហៅ លោក ឃឿន សុឡា ហៅ k01 ចាងហ្វាងកាសែត កំលាំងមនុស្ស មកធ្វេីការអប់រំ ណែនាំ ជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វេីឱ្យមានភាពចលាចលក្នុងសង្គម ទាក់ទងទៅនឹងជំងឺផ្លូវដង្ហេីមថ្មី (កូរ៉ូណា) កាលពីម្សិលមិញនៅមុន្ទីពេទ្យរុស្សុី។ នេះបើតាមការបង្ហោះនៅលើអាខោនហ្វេសប៊ុក របស់លោក យ៉ែម ណយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។
ឆ្លេីយតបមិញការស្ដីបន្ទោសនេះ លោក ឃឿន សុឡា ហៅ k01 បានធ្វេីកិច្ចសន្យាជាលាយលក្ខណ៍អក្សរដោយសុំទោសនិង ទទួលកំហុសនូវការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដែលធ្វេីឱ្យសាធារណជនមានការភាន់ច្រលំនិងភ័យខ្លាច។ ហើយ K01បានសន្យាថានឹងមិនឱ្យមានរឿងនេះកេីតឡេីងសារជាថ្មីទៀតទេ ។
សូមបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ បានបន្ទោស K01 ចំៗ ដដោយមានប្រសាសន៍ថា “ធ្វើដូចគ្រាប់បែកប៉ារ៉ាម៉ាណូធ្លាក់ត្រូវក្បាល K01”។ សម្ដេចបានមានប្រសាសន៍ទៀតថា K01 មិនសមជាអ្នកសារព័ត៌មាន ហើយគ្មានវិជ្ជាជីវៈសូម្បីតែបន្តិច។ ហើយសម្ដេចបានប្រាប់ទៅឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួង ព័ត៌មានឱ្យបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានដល់ k01 និងកូនចៅរបស់ k01 ដើម្បីឲ្យក្លាយជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈ៕