
(ខេត្តមណ្ឌលគិរី)៖ ក្រុមអាជីវករតូចតាចនៅក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហ៊ុយ សុជាតិ មេគយខេត្តនេះបានបើកដៃឱ្យក្រុមឈ្មួញ វៀត ចូលមកក្នុងទឹកដីទីរួមខេត្តមណ្ឌលគិរី ដោយមិនបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ ទំនងដោយការប្រមូលពន្ធតាមផែនការរបស់អគ្គនាយកគយ និងរដ្ឋាករកំណត់នៅទីនោះអាចស្ថិតនៅចំនួនទឹកប្រាក់ប្រមូលពន្ធទាបនៅឡើយ ទើបលោកមេគយរូបនេះអាចឆ្នៃរកចំណូលចូលហោប៉ៅ។
ការចោទប្រកាន់បែបនេះ ដោយសារពួកគេសង្កេតឃើញថា ទំនិញនាំចូលពីវៀតណាម តាមច្រកទ្វារព្រំដែនមួយនេះ សង្ស័យមិនបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ មានដូចជាគ្រឿងសំ ណង់ គ្រឿងទេស គ្រឿងប្រើប្រាស់ គ្រឿងឧបភោគបរិភោគ គ្រឿងកំប៉ុង និងបន្លែផ្លៃឈើគ្រប់ប្រភេទ ដែលដឹកតាមរថយន្តធុនធំៗតម្រង់ចូលទៅក្នុងឃ្លាំងស្តុកទំនិញ នៅក្នុងទីរួមខេត្តតែម្តង ដោយភ្នាក់ងារគយប្រចាំនៅច្រកនោះមិនដែលត្រួតពិនិត្យ ប៉ុន្តែអ្នករកស៊ីតូចតាចមន្ត្រីគយកោសរូសឱ្យបង់ប្រាក់មិនមានការលើកលែង ឬយោគយល់អ្វីឡើយ។
ក្រុមអាជីវករទាំងនេះ បាននិយាយទៀតថា លោក ហ៊ុយ សុជាតិ ប្រធានស្នាក់ការគយ និងរដ្ឋាករ ខេត្តមណ្ឌលគិរី បិទភ្នែកបើកដៃឱ្យឡានដឹកទំនិញរបស់ជនជាតិវៀតណាម ពាក់ស្លាកលេខវៀតណាម និងបើកបរដោយជនជាតិវៀតណាម អាចធ្វើចរាចរណ៍នាំទំនិញចូលតាមច្រកព្រំដែនទ្វេភាគី ដាក់ ដាំ ដោយគ្មានការត្រួតពិនិត្យ ដើម្បីបង់ពន្ធឱ្យបានត្រឹមត្រូវឡើយ ដោយគេសង្យ័យពួកមេឈ្មួញប្រើពិធីរត់ការសម្រប សម្រួលរួចជាស្រេចហើយ ទើបពួកឈ្មួញអាចធ្វើសកម្មភាពបានយ៉ាងរលូនយ៉ាងដូច្នេះ។
ក្រុមអាជីវករដដែល បានរាយការណ៍ទៀតថា រថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខវៀតណាម ផ្ទុកទំនិញពេញប្រៀប ដែលគេសង្ស័យថា ជាគ្រឿងសំណង់ បានឆ្លងចូលតាមច្រកព្រំដែនដាក់ដាំ នៅវេលាព្រឹកព្រលឹម ដោយមិនបានឈប់ឱ្យសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅច្រកទ្វារព្រំដែននេះ ត្រួត ពិនិត្យមើលប្រភេទទំនិញ ដើម្បីបង់ពន្ធលើការនាំចូលឡើយ ប៉ុន្តែត្រូវបានអនុវញ្ញាតឱ្យបន្តដំណើរសំដៅចូលទីរួមខេត្តផ្ទាល់តែម្តង។
ចំណែកប្រជាពលរដ្ឋនៅក្នុងទីរួមខេត្តវិញ បានរាយការណ៍មកថា រថយន្តធុនធំមួយគ្រឿងនេះ ត្រូវគេប្រទះឃើញបើកបរចូលទៅក្នុងឃ្លាំងមួយកន្លែង ឈ្មោះដេប៉ូ ឆៃ លី ស្ថិតនៅក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលគេដឹងជាទូទៅថា ជាកន្លែងស្តុកទំនិញប្រភេទគ្រឿងសំណង់ដ៏ធំ នាំចូលផ្ទាល់ពីវៀតណាមតាមច្រកដាក់ដាំ។ ដេប៉ូឈ្មោះ ឆៃ លី គឺជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងសំណង់គ្រប់ប្រភេទនាំចូលពីវៀតណាម ហើយគេសង្ស័យថា ទទួលបានការការពារពីមន្ត្រីគយប្រចាំខេត្តនេះ ដែលគ្រប់គ្រងដោយលោក ហ៊ុយ សុជាតិ ។
សូមរំឭកថា លោក ហ៊ុយ សុជាតិ កាលនៅកាន់តំណែងជាប្រធានស្នាក់ការគយ និងរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្លាប់ទទួលរងការចោទ ប្រកាន់ជាហូរហែថា ធ្វើការងារគិតតែប្រមូលលុយចូលហោ ប៉ៅផ្ទាល់ខ្លួន តាមរយៈការឃុបឃិតឱ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ប្រភេទ នាំចូលពីប្រទេសថៃហើយគាត់ ចំពោះប្រជាពលរដ្ឋ ឬអាជីវករតូចរតាច ដែលនាំចូលទំនិញបន្តិចបន្តួចអូសតាមរទេះ។
ការចោទប្រកាន់ខាងលើនេះ អង្គភាពគេហទំព័រ ខ្មែរអង្គរ កំពុស្វែងរកសុំការបំភ្លឺពីលោក ហ៊ុយ សុជាតិ មិនទាន់បាននៅឡើយទេ ៕
លោក ហ៊ុយ សុជាតិ