(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ករណីក្មេងៗសិស្សសាលាប្រុស៤នាក់ វាយសិស្សស្រីម្នាក់ បណ្ដាលឱ្យរបួសចិញ្ចើម ពេលនេះសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ហើយ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គី លីណា ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្សអនុវិទ្យាល័យកូនភ្នំមិត្តភាព។
ចំណែកក្មេងប្រុសៗ ដែលបង្កហិង្សាមាន៖
ទី១-ឈ្មោះ ថា កក្កដា ភេទប្រុស អាយុ១២ឆ្នាំ
ទី២-ឈ្មោះ ទូច សុផាត ភេទប្រុស អាយុ១២ឆ្នាំ
ទី៣-ឈ្មោះ និន សម្បត្តិចិត្រា ភេទប្រុស អាយុ១៣ឆ្នាំ ។
ទី៤-ឈ្មោះ អ៊ួញ សៅលី ភេទប្រុស អាយុ១៣ឆ្នាំ។
ករណីហិង្សានេះ កើតទ្បើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅអនុវិទ្យាល័យកូនភ្នំមិត្តភាព ស្ថិតក្នុងភូមិស្រឡៅជ្រំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ បាននិយាយចំអន់ ទៅកាន់សិស្សប្រុសក្មេងៗ ទាំង៤ខាងលើថាជាប្ដី។ ប៉ុន្តែសិស្សប្រុសម្នាក់ បានហាមកុំឱ្យជនរងគ្រោះ ហៅខ្លួនជាប្ដីទៀត។ នៅពេលនោះ ក៏មានការទាស់សម្ដីគ្នា ជនរងគ្រោះ បានធាក់សិស្សប្រុសម្នាក់ ចំក្បាលពោះបណ្ដាលឱ្យចុករមួល ឃើញដូច្នោះសិស្សប្រុសក្មេងៗទាំងនោះ ក៏នាំគ្នាវ៉ៃទៅលើជនរងគ្រោះតែម្ដង។ ដោយមានសិស្សប្រុសម្នាក់ បានយកខ្សែក្រវាត់ ក្រវីត្រូវចិញ្ចើមខាងស្ដាំជនរងគ្រោះ បណ្ដាលឱ្យរបួសដេរ ៣ថ្នេរ។
ករណីនេះដែរ ក្មេងៗទាំង ៤នាក់ ត្រូវសមត្ថកិច្ច សាកសួរ រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ប៉ុន្តែដោយសារតែពួកគេ ជាអនិតិជន ទើបខាងសមត្ថកិច្ច បានត្រឹមតែបញ្ជូនសំណុំ រឿងតែប៉ុណ្ណោះ និងឱ្យអាណាព្យាបាលមកធ្វើលិខិតធានាយកទៅវិញ។ ដោយទ្បែកក្មេងស្រីរងគ្រោះ បានទាមទារសំណងចំនួន ១២លានរៀល ពីក្មេងៗទាំង៤នាក់ ខណ:ដែលម្ដាយឪពុកពួកគេ ពុំមានលទ្ធភាព សុំបង់ប្រាក់ត្រឹម៨០ម៉ឺនរៀល តែជនរងគ្រោះនៅតែរក្សាជំហរ មិនព្រមទទួលទ្បើយ៕