(ខេត្តព្រះសីហនុ)៖ សណ្ឋាគារ និងកាស៊ីណូ (ហាវឆឹង ហៅរលកធំ) របស់ជនជាតិចិនមួយកន្លែង មានទីតាំងនៅខាងមុខកាហ្វេ ស្តារផាក តាមបណ្តោយវិថី ៧មករា ស្ថិតក្នុង ភូមិលេខ៣ សង្កាត់៤ក្រុង ព្រះសីហនុ ត្រូវបានគេសង្ស័យ ថាអាច ជាកន្លែង ផ្ដល់ទីតាំងឱ្យអ្នកប្រើប្រាស់ គ្រឿងញៀន សម្រាប់ជនជាតិចិន ខណៈ សណ្ឋាគារ ខាងលើ នេះ ទើបបើកដំណើរការបានតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។
ជាក់ស្ដែងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយសារ តែក្មេងស្រី ម្នាក់បានរត់ចេញ ពីសណ្ឋាគារខាងលើនេះ ស្រែកផងយំផងថា (ជួយខ្ញុំផង) ប៉ុន្តែចុះដល់ខាងមុខអាគារត្រូវបានសន្តិសុខរបស់សណ្ឋាគារចាប់ទុកប្រគល់ ជូនសមត្ថកិច្ច ។
ក្រោយកើតហេតុនេះភ្លាមៗកម្លាំងសមត្ថកិច្ចកងរាជអាវុធ ខេត្តព្រះសីហនុ ក៏បានចុះដល់ចំណុចកើតហេតុ ផងដែរនិងបានធ្វើការឆែកឆេបន្ទប់លេខ ៨៦០៥ ជាន់ទី៦ ដែលជាបន្ទប់ស្នាក់នៅ របស់ស្រ្តីវ័យក្មេងស្រីខាងនេះ។ ការឆែកឆេរបន្ទប់ស្នាក់នៅ ឃើញមានសុទ្ធថ្នាំញៀន នៅរាយប៉ាយពេញលើគ្រែពូក និងឈានដល់ការចាប់ខ្លូន មនុស្សប្រុស ស្រីចំនួន៣នាក់ផ្សេងទៀត ក្នុងនោះមានបុរសជនជាតិចិនម្នាក់ ផងដែរ។
បើតាមរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះបានចំនួន ០៤នាក់ គឺធ្វើឡើងក្រោមការដឹកនាំដោយលោក វរ:សេនីត្រី ឡុង គឹមហួរ នាយការិល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ។ ជនសង្ស័យចំនួន៤នាក់រួមមាន៖
*ទី១-ឈ្មោះ ណាន ខៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ ជាបុគ្គលិកសណ្ឋាគារ ស្រុកកំណើត ប្រទេសចិនបច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
*ទី២- ឈ្មោះ ស្រ៊ុន សុថៃលីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការខារ៉ាអូខេ ស្រុកកំណើត ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិ៣សង្កាត់៤ ក្រុងព្រះសីហនុ។
*ទី៣ – ឈ្មោះ សុត រចនា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភ្នំពេញបច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
*ទី៤-ឈ្មោះ នី នាងតូច ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភូមិបឹងរាំង ឃុំភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
ជាមួយគ្នានេះសមត្ថកិច្ច បានដកហូតវត្ថុតាងបទល្មើសជាក់ស្តែង រួមមានទី១/ ម្សៅ សថ្លា ចំនួន២កញ្ចប់ ទម្ងន់ ២,៣០ ក្រាម .ទី២/ ថ្នាំខេចំនួន២កញ្ចប់ទម្ងន់១,៦៦ ក្រាម .ទី៣/ ថ្នាំពណ៌បៃតង ចំនួន៦កញ្ចប់ ទម្ងង់ ២,៨២ ក្រាម .ទី៤/ កញ្ឆាមូជាបារីចំនួន៤ដើម .ទី៥/ដែកកេះចំនួន៥. ទី៦/ទូរស័ព្ទចំនួន០១គ្រឿង។
បើតាមចម្លើយ របស់ក្មេងស្រី ជាជនជាតិខ្មែរប្រាប់ថា ពួកនាង មិនមែនជាអ្នកជួញដូរគ្រឿងញៀននេះទេ នាងធ្លាប់តែប្រើ ហើយគ្រឿងញៀន នេះជារបស់ជនជាតិចិន ឈ្មោះ ណាន ខៃ ដោយពួកនាងមិនថា គ្រឿងញៀន ច្រើនយ៉ាងនេះ ជនជាតិចិននោះ យកមកពីទីណានោះដែរ ដោយពួកនាងត្រូវបានជនជាតិចិននោះ នាំមកស្នាក់នៅក្នុងសណ្ឋាគារនេះ នៅព្រឹក ថ្ងៃទី២៤នេះប៉ុណ្ណោះ។
ចំណែកក្មេងស្រីម្នាក់ទៀតដែលសង្ស័យថាប្រើគ្រឿងញៀនលើសកម្រិតរហូតដល់មានសតិ និងកាយវិការប្លែកៗ ចុះរត់ផ្អើលគេឯងនោះ ពួកនាងថា បានយកគ្រឿងញៀន លាយជាមួយ ភេសជ្ជៈគោជល់ ហើយផឹក ទើបមាន អាការៈដូច្នេះ តែម្ដង ។
ពាក់ព័ន្ធទៅនឹងហេតុការណ៍ខាងលើ នេះដំបូងឡើយក្រុមអ្នកសារព័ត៌មានមិនត្រូវបានមេការសណ្ឋាគារ និងកាស៊ីណូដែលជាជនជាតិចិន អនុញ្ញាតឱ្យចួលយកព័ត៌មាន ឬថតរូបនោះទេ។ តែក្រោយមកដោយមានការសម្របសម្រួលពី សមត្ថកិច្ចទើបអ្នកសាព័ត៌មានអាចចូលថត និងយកព័ត៌មានបាន។ ជាមួយនិងបញ្ហានេះ ខណៈពេលក្រុមអ្នកសាព័ត៌មានកំពង់បំពេញភារកិច្ច ក៏មានជនជាតិចិនម្នាក់ទៀត ដែលគេអះអាងថា ជាមេការធំ មើលការខុសត្រូវសណ្ឋាគារ និងកាស៊ីណូ ហាវឆឹង ហៅរលកធំនេះ បានបើកបង្ហាញរូបថត យោធាជាន់ ខ្ពស់ដ៏មានឥទ្ធិពលម្នាក់ ដែលមាននៅក្នុងទូរស័ព្ទរបស់ខ្លូន ប្រាប់អ្នកសារព័ត៌មានថា មន្រ្តីយោងធា រូបនេះគឺជាថៅកែ ធំរបស់ពួកគេ ។ ការបង្ហាញរូបថតថ្នាក់នាយឧត្តមសេនីយ៍បែនេះ ទំនងចង់គំរាមដល់ក្រុមអ្នកសារព័ត៌ មាន។
ជនជាប់សង្ស័យទាំង៤នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះ សីហនុធ្វើការសាកសួរ។ ដោយឡែកសណ្ឋាគារនេះមិនដឹងថាសមត្ថកិច្ចអនុញ្ញាតឲ្យបើកអាជីវកម្មតទៅទៀតឬយ៉ាងណានោះទេ៕