ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់នៅតែហូរចូលតាមកំពង់ផែទំនប់រលក ក្រោមការគ្រប់គ្រងរបស់លោក ណុប សំអាន នៅតែធ្វើឱ្យគោលការណ៍កៀងគរប្រមូលពន្ធមិនទាន់អនុវត្តត្រឹមត្រូវនៅឡើយ
ដោយ Heng  ថ្ងៃទី 1 January, 2023  ម៉ោង 07:15 | រាយការណ៍​ពិសេស

(ខេត្តព្រះសីហនុ) ៖ មានសេចក្តីរាយការណ៍ឱ្យដឹងថា ក្រុមឈ្មួញដឹកទំនិញតាមទូក តាមរថយន្ត ក្រៅតែពីចំណូលពន្ធ ចូលរដ្ឋ ក៏មួយចំណែកទៀតបានក្លាយជាប្រភពចំណូលហៅប៉ៅបុគ្គលយ៉ាងរលូនហើយសុខសប្បាយនៅឡើយចាប់តាំងពីលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំបនប់រលកឡើងកាន់តំណែងនោះមក។ លោកណុប សំអាន និងបក្ខពួក ប្រើអំណាចបង្ខំឱ្យឈ្មួញបង់លុយគ្មានវិក័យបត្រជាចំណូលប្រយោជន៍បុគ្គល ដែលករណីនេះគេហៅថាការប្រព្រឹត្តអំពើពុករលួយ បំបាត់ចំណូលពន្ធរបស់រដ្ឋ យកតួនាទីជាមន្ត្រីទប់ស្កាត់ទំនិញគេចពន្ធបង្ក្រាប ឆ្លៀតប្រមូលលុយក្រោមតុ ដែលកាន់តែធ្វើឱ្យមានទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែទំនប់រលកឥតស្រាកស្រាន្ត។

ប្រភពឱ្យដឹងថា កន្លងមកក៏ដូចបច្ចុប្បន្ន កំពង់ផែទំនប់រលក ទំនិញជាច្រើនប្រភេទត្រូវបានគេដឹងថា ភាគច្រើនគេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករស ទឹកដោះគោ ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ ដោយសារអំពើឃុបឃិតគ្នារវាងឈ្មួញ និងសមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ចែករំលែកផលប្រយោជន៍គ្នាបិទបាំងភាពមិនប្រក្រតីនៃការប្រមូលពន្ធ។ ប្រភពបានបង្ហើបថា ក្រុមឈ្មួញប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែង ភេទទំនិញជាដើមដឹកចេញពីកំពង់ផែទំនប់រលកដោយរលូន ដូចជាក្រុមហ៊ុន ១-គាធី, ២-ចៃរ៉ា , ៣-ចែវី, ៤-ណុប, ៥-កូ, ៦-សុខុម, ៧-ហួត និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោខ្នងក្រាស់ៗ និងមានខ្នងបង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម ។

ប្រភពអ្នករកស៊ីតូចតាចបានលួចទម្លាយថា លោក ណុប សំអាន បានឱ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល រាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនគេចពន្ធ ។ ដូច្នេះលោក ណុប សំអាន បានឱ្យកូនចៅប្រើវិធីរកលុយដោយការគាបឈ្មួញ ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ, ទី២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញ, ទី៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឱ្យបង់ក្បាលរថយន្ត ក្នុងមួយរថយន្តពី៣០០ ដល់ ៥០០ដុល្លារ ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាប ខណៈឈ្មួញបង់ពន្ធគ្រប់ចំនួន ។ ដោយសារតែផលប្រយោជន៍នេះហើយទើបលោក ណុប សំអាន បណ្ដែតបណ្ដោយឱ្យមានទំនិញគេចពន្ធខូចចូលដោយមិនចាត់ការតាមវិធានការច្បាប់។

ក្រៅពីប្រមូលលុយបែបពុករលួយខាងលើ លោកណុប សំអាន បានបង្កើតឱ្យមានការិយាធិបតេយ្យបង់លុយក្រោមតុ ក្នុងមួយឯកសារប្រតិវេទន៍គយ យ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។ ក្នុងមួយយប់ៗរថយន្តបានដឹកទំនិញចេញពីកំពង់ផែទំនប់រលកដូចហែកឋិន ហើយលោក ណុប សំអាន ក៏ទទួល បាននូវប្រភពសេដ្ឋកិច្ចពីចំណូលលុយខាប់ដូចទឹកគ្រឿង។ ទាក់ទិននឹងបញ្ហានេះប្រសិនបើលោកបណ្ឌិត គុណ ញឹម មិនចាត់វិធាន ការកំណែទម្រង់ឱ្យទាន់ពេលទេនោះ ការប្រព្រឹត្តអំពើពុក រលួយរបស់លោក ណូប សំអាន ពិតជាធ្វើឱ្យបាត់បង់ប្រាក់ពន្ធចូលរបស់រដ្ឋដ៏មហិមា ព្រោះប្រាក់ទាំងនោះធ្លាក់ចូលទៅក្នុងដៃបុគ្គល និងបក្ខពួកផ្ទាល់ខ្លួនទៅវិញ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ អង្គភាពគេហទំព័រខ្មែរ អង្គរ មិនទាន់អាចសុំការបំភ្លឺពីលោកណុប សំអាន ប្រធានការិយាល័យគយ និង រដ្ឋាករទំនប់រលកបានទេនៅឡើយទេ៕

loading...