
(ខេត្តកំពត)៖ ថ្មីៗនេះប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានបង្ហើបឱ្យដឹងថា លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក នៅតែបណ្តែតបណ្តោយឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញមានប្រភពផលិតខុសប្រក្រតីច្រើនជាងមុខនាំចូលយ៉ាងគគ្រឹកគគ្រេង។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យី ថុល ទេនោះគឺគ្មានឈ្មួញណាអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក យ៉ាងរលូនដូចសព្វថ្ងៃនេះទេ។
មន្ត្រីពាក់ព័ន្ធនៅមាត់ច្រកទ្វារព្រែកចាកបានឱ្យដឹងទៀតថា លោក យី ថុល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ទំនងអាចមាន ការសម្របសម្រួលពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពត ហើយសុទ្ធតែទទួលបាន ផលប្រយោជន៍ទើបលោកយី ថុល អាចបំពាននីតិវិធីប្រមូលពន្ធ ដែលធ្វើឱ្យរដ្ឋនៅតែខាតបង់ប្រាក់ចំណូលពីពន្ធបានយ៉ាងរលូន។ ក្រៅពីនេះលោក យី ថុល តែងតែប្រើប្រាស់ឈ្មោះ លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទព្រមទាំងឈ្មោះមន្ត្រីគយធំៗដើម្បីបិទបាំងអំពើពុករលួយ ។
ចាប់តាំងពីលោក យី ថុល ក្លាយជាប្រធានការិយាល័យច្រកទ្វារព្រែកចាក ក្រុមអ្នករកស៊ីដឹកទំនិញពីប្រទេសវៀតណាមស្របច្បាប់បានលើកឡើងថា បច្ចុប្បន្នច្រកទ្វារនេះពោរពេញទៅដោយទំនិញបង់ពន្ធមិនគ្រប់ទំនិញគេចពន្ធ និងទំនិញក្លែងក្លាយ ដែលមួយចំនួនដាក់ស្លាកយីហោផលិតក្នុងប្រទេសកម្ពុជា ឬនៅប្រទេសថៃ តែត្រូវបានគេនាំពីប្រទេសវៀតណាមចូលតាមច្រកនេះទៅវិញ ហើយទំនិញខ្លះមិនមានស្លាកសញ្ញាទៀតផង។ ប៉ុន្តែគេមិនដែលឃើញមន្ត្រីគយក្រោមការដឹកនាំរបស់លោកយាយថុលទប់ស្កាត់បញ្ចប់រឿងខុសច្បាប់នេះទេ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះអង្គភាពសារព័ត៌មានយើងកំពុងស្វែងរកការបំភ្លឺពីលោក យី ថុលពុំទាន់បាននៅឡើយទេ៕