
(ខេត្តតាកែវ) ៖ លោក កែវ វ៉ាន្នី ក្នុងតំណែងជាប្រធានសាខាគយខេត្តតាកែវ ត្រូវបានក្រុមមន្ត្រីក្នុងមជ្ឈដ្ឋានគយកោត សរសើរថា ពូកែរកលុយយកទៅអភិវឌ្ឍន៍ មុខតំណែងបានយ៉ាងឆប់រហ័ស ពីប្រធានការិយល័យគយច្រកតន់ហន់ ដែលមិនសូវសម្បូរខ្លាញ់បានជ្រេមកយកមុខតំណែង ជាប្រធានសាខាគយ ខេត្តតាកែវបានយ៉ាងងាយស្រួល ជំនួសលោក អេន សំអុល ដែលដល់អាយុចូលនិវត្តន៍។ គេនៅចាំបានថា លោក កែវ វ៉ាន្នី ត្រូវបាន លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងគយ ជួសមុខឱ្យ លោក គុណ ញឹម បានធ្វើជាអធិបតីប្រកាសតំណែងប្រធានសាខាគយ ខេត្តតាកែវកាលពីល្ងាច ថ្ងៃអង្គារទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មកម៉្លេះ។
ចាប់តាំងពីលោក កែវ វ៉ាន្នី ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តតាកែវ រហូតមកដល់បច្ចុប្បន្ន ត្រូវបានមន្ត្រីស្ថាប័នពាក់ព័ន្ធក្នុងខេត្ត រិះគន់ថា ក្រោមការដឹកនាំរបស់លោក គេឃើញតែ មន្ត្រីគយដេកចាំតែរាប់ក្បាលឡានយកលុយមិនដែលឃើញ ពិនិត្យទំនិញឱ្យបានត្រឹមត្រូវនោះទេ ហើយបញ្ហានេះកំពុងតែធ្វើឱ្យឈ្មួញខិលខូច នាំចូលទំនិញ គេចពន្ធ និងខុសច្បាប់ ដូចជាការនាំចូលដែក គ្រឿងបន្លាស់ ទំនិញចាប់ហួយ តាមច្រកដែនទឹក ព្រែកបាក់ដៃ និងច្រក កំពង់ក្រសាំង និងច្រកភ្នំដិន ដែលមានការបញ្ជាក់ថា ឈ្មួញបង់ពន្ធតែ ៣០ភាគរយទៀតផង ហើយគេក៏មិនដែលឃើញមន្ត្រីគយសាខាខេត្តតាកែវបង្ក្រាបឡើយ។ ករណីបណ្ដែត បណ្ដោយឱ្យទំនិញមិនប្រក្រតីឆ្លងកាត់ខេត្តតាកែវនេះ លោក កែវ វ៉ាន្នី បានចាត់តាំងក្រុម គយចល័តប្រចាំការនៅក្នុងខេត្តឱ្យឈរ ជើងរហូតដល់ទៅពីរកន្លែង ចាំប្រមូលលុយឆៅធ្វើឡើងដោយផ្ទាល់មាត់គ្មានវិក្កយបត្រ ឬឯកសារបង់ប្រាក់អ្វីឡើយ។
ប្រភពដដែលបានបញ្ជាក់ថា់ថា ច្រើនឆ្នាំមកហើយ ដែលមន្ត្រីគយ ខេត្តតាកែវ បង្កើតទីតាំងកុងត្រូលគយចល័តយ៉ាង ហោចណាស់ពីរកន្លែង ដើម្បីស្ទាក់យកលុយពីរថយន្តដឹកទំនិញ ដែលមួយកន្លែងស្ថិតនៅក្នុងឃុំគិរីចុងកោះ ក្បែរទីរួមស្រុកគីរីវង្ស និងមួយកន្លែងទៀតស្ថិតនៅក្នុងឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ គឺស្ថិតនៅអមកំណាត់ផ្លូវជាតិលេខ២ ដូចគ្នា ដែលធ្វើសកម្ម ភាពប្រមូល ប្រាក់ពីឈ្មួញ ដោយមិនខ្វល់អ្វីទាំងអស់។ ទោះយ៉ាងណាលោក កែវ វ៉ាន្នី មានទម្លាប់ភូតភថ្នាក់លើថា ការដាក់ប៉ុស្តិ៍គយចល័តទាំងពីរកន្លែងនោះ គឺដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ទំនិញគេចពន្ធ។
លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ ត្រូវមន្ត្រីក្នុងខេត្តលើកឡើងថា កាលដែលលោក កែវ វ៉ាន្នី បណ្ដែតបណ្ដោយឱ្យមានការនាំទំនិញចូលបង់ពន្ធមិនគ្រប់និងទំនិញគេចពន្ធ អាចជាឱកាសលោក កែវ វ៉ាន្នី ចិត្តចែកមនុស្សស្និតឱ្យប្រមូល ប្រាក់ពីឈ្មួយបានយ៉ាងងាយស្រួល។ ដោយសារមានការឃុបឃិតគ្នា ពីមន្ត្រីគយខេត្តតាកែវ គេសង្កេតឃើញ ពួកឈ្មួញ ដឹកទំនិញគេចពន្ធ និងចំណីអាហារ មានជាតិគីមី ចូលមកដល់ រាជធានីភ្នំពេញ លក់ចែកចាយបានយ៉ាងរំភើយ ហើយក្រុមឈ្មួញខិលខូចទាំងនោះពេញចិត្ត ដោយកោត សរសើរ លោក កែវ វ៉ាន្នី សឹងថាអាចជួយធ្វើអន្តរាគមន៍ រៃអង្គាសប្រាក់គ្នា បើមេគយហ៊ានដកលោកចេញពីប្រធានសាខាគយនសាខាគយខេត្តតាកែវ។
ក្រុមឈ្មួញដឹកទំនិញ ពីប្រទេសវៀតណាមតាមច្រកនានា ចូលតាមខេត្តតាកែវ បានបង្ហើបថា សព្វថ្ងៃនេះ រថយន្តទាំងតូចទាំងធំ ដឹកទំនិញ ទាំងបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ គ្រឿងសំណង់ សាំង ។ល។ បើកមកកាត់ មុខប៉ុស្តិ៍គយចល័តរបស់ខេត្តតាកែវ គឺត្រូវតែ ឈប់បង់លុយតាមការទាមទារពីមន្ត្រីគយប្រចាំប៉ុស្តិ៍ ហើយគេសង្កេតឃើញមន្ត្រីចាំយកលុយនោះស្លៀកពាក់ស៊ីវិល ដោយបង្គាប់ឱ្យបង់ចាប់ពី ២ម៉ឺនរៀល ទៅ ៥ម៉ឺនរៀល ១៥ម៉ឺនរៀល និងរហូតុរាប់រយដុល្លារក៏មាន ទៅតាមប្រភេទរថយន្តដឹកទំនិញ ប្រភេទមុខ ទំនិញតិច ឬច្រើន ដោយមន្ត្រីគយ មិនខ្វល់ថា ទំនិញទាំង អស់នោះ ជាទំនិញស្របច្បាប់ ឬក៏ខុសច្បាប់ នោះទេ សំខាន់ឱ្យតែមកដល់កន្លែង ត្រូវតែឈប់បង់លុយតាមការកំណត់ តែបើហ៊ានគេចវេស នឹងប្រដេញចាប់មកពិន័យជាប្រាក់តាមអារម្នណ៍លោកគយគាត់ខឹងមិនខានឡើយ។
ទាក់ទិននឹងការលើកឡើងខាងលើនេះគេហទំព័រ “ខ្មែរអង្គរ” មិនទាន់អាចសុំការបំភ្លឺពីលោក កែវ វ៉ាន្នី បាននៅឡើយទេ៕

