(ភ្នំពេញ) ៖ លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សេង គឹមឡាក់ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការប្រកាសសាលក្រមលើក្រុម ឌីជេ ឡាយ អិន ដោយផ្តន្ទាទោស ជនជាប់ចោទ១.ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ (ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង ២.ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដាក់ពន្ធនាគារម្នាក់ៗ៤ឆ្នាំពិន័យ៦លាន។
នឹង ៣.ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដាក់ពន្ធនាគារ ១១ឆ្នាំពិន័យ២០លានរៀល និង៤.ឈ្មោះស៊ិន សម្ភស្ស ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដាក់ពន្ធនាគារ ១៥ឆ្នាំ ពិន័យ២០លានរៀល សាលក្រមនេះដែលក៏បានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ជនជាប់ចោទទាំង៤នាក់ជាប់ចោទពីបទ, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាប់អាវុធដោយខុសច្បាប់ ដែលប្រព្រឹត្ត កាលពីវេលាម៉ោង២និង២០ចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក រួមមាន ១.ថ្នាំមេតំហ្វេតាមីន(ICE)ទម្ងន់៣៧៤.៣៩ក្រាម ២.សារធាតុញៀនប្រភេទអ៊ិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម (សរុបជាង១គីឡូក្រាម) ៣.អាវុធខ្លី១ដើម (ឡុក) ៤.ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿង៕