(ភ្នំពេញ) ៖ បុរសពីរនាក់ដែលត្រូវជាបងប្អូនជីដូននឹងគ្នាខណៈពេលជិះម៉ូតូត្រឡប់មកពីចូលរួមពិធីមង្គលការបងប្អូននៅក្រុងទឹកខ្មៅ ខេត្តកណ្ដាល ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវ រថយន្តបុកស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៩ និង ១០ នាទីយប់ថ្ងៃទី ១៨ខែមករាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ គុន សុភ័ណ្ឌ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខប្រចាំការនៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ។ ទី២ ឈ្មោះ ស្វាយ រិន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរជាសន្តិសុខប្រចាំការនៅព្រលានយន្តហោះយន្តហោះអន្តរជាតិពោធិ៍ចិនតុង ។ អ្នកទាំងពីរស្នាក់នៅភូមិអន្លង់គង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ ដោយពួកគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FD-6826 ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានឮសំឡេងឮសូរប្រាវ ភ្លាមនោះពួកគាត់បានរត់មកមើលនៅចំណុចកើតហេតុក៏ឃើញបុរសពីរនាក់បានដេកស្លាប់នៅកណ្ដាលផ្លូវ ចំណែកម៉ូតូបានខ្ទាតចេញប្រហែលជាង ៣០ ម៉ែត្រពីជនរងគ្រោះ ទើបពួកគាត់បានសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍តែមិនដឹងថារថយន្តម៉ាកអ្វីប្រភេទអ្វីហើយបានប៉ះជាមួយនឹងជនរងគ្រោះរបៀបណានោះទេ ព្រោះអីអ្នកបើកបររថយន្តបានបើកគេចខ្លួនបាត់ទៅហើយទើបពួកគាត់បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃស ។
ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបានចុះមកដល់ចំណុចកើតហេតុនិងបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌឱចុះទៅដល់កន្លែងកើតហេតុ និងបានឆែកឆេរទៅជនរងគ្រោះឃើញមានទូរស័ព្ទ២គ្រឿង និងកាបូបលុយមានអត្តសញ្ញាណប័ណ្ណ ក៏បានធ្វើការទាក់ទងទៅប្រាប់ក្រុមគ្រួសារដើម្បីចុះមកពិនិត្យមើលសពជនរងគ្រោះ ។
បើតាមព័ត៌មានពីសាច់ញាតិក្រុមគ្រួសារនៃសពបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅល្ងាចថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០ ជនរងគ្រោះទាំងពីរនាក់ត្រូវជាបងប្អូនជីដូនមួយបានទៅចូលរួមមង្គលការបងប្អូននៅក្រុងតាខ្មៅខេត្តកណ្ដាល ហើយដោយសារតែពួកគេទាំងពីរនាក់ប្រញាប់មកចូលធ្វើការនៅវេលាម៉ោង១១យប់ គាត់ក៏បានត្រឡប់មកផ្ទះវិញដើម្បីប្ដូរឯកសណ្ឋានទៅបំពេញការងារនៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង តែមិននឹកស្មានថាជនរងគ្រោះពីរនាក់មិនទាន់បានដល់ផ្ទះផង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ឡើងស្លាប់នៅផ្លូវបែបនេះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍កិនដង្កោបានធ្វើកំណត់ហេតុប្រគល់ម៉ូតូនិងសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕