(ភ្នំពេញ)៖ មនុស្ស ប្រុស៣នាក់ស្រីចំនួន២នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះរថយន្តតូយ៉ូតាតាកូម៉ា បុកជាមួយនឹងរថយន្តដឹកដី កាលពីវេលាម៉ោងលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានទី១៨ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចស្តុប ២៤ម៉ោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង៥នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកអ្នកបើកបរខាងរថយន្តដឹកដីមានឈ្មោះ ផាន នឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅការដ្ឋានជិតសាលាតិចណូ មានស្រុកកំណើតស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-8104 និងមានអ្នករួមដំណើរប្រុស-ស្រី៥ នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ខណៈមកដល់ចំណុចស្តុប បែកជាបួនកន្លែង បានជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3A-9521 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីឆ្លងមកផ្លូវសម្ដេចជាស៊ីម ចំធុងប្រងរថយន្តដឹកដីពេញទំហឹង បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ ៣ នាក់ស្រាលម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តតាកូម៉ាខ្ទេចមួយកំណាត់មុខ ។ ភ្លាមៗនោះរថយន្តបែនដឹកដីបានព្យាយាមបើករត់បានប្រមាណជាង ១០០ម៉ែត្រត្រូវសមត្ថកិច្ចប្រចាំការនៅប៉ុស្តិ៍ ២៤ ម៉ោងដេញឃាត់បានទាំងរថយន្ត និងអ្នកបើកបរបាន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ចុះមកវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕