(ខេត្តព្រះសីហនុ)៖ កាលពីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយកម្លាំងចម្រុះ នៃរដ្ឋបាលស្រុកព្រៃនប់ ដែលដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ ចុះធ្វើការទប់ស្កាត់ និងរុះរើសំណង់ផ្ទះនិងខ្ទមអនាធិបតេយ្យ ដែលសង់លើដីឧទ្យានជាតិព្រះសីហនុ (រាម) ត្រង់ចំណុចតាបិន ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលដីនោះរដ្ឋបានវិនិយោគឱ្យក្រុមហ៊ុនអេវើហ្គ្រីន ។
នៅក្នុងប្រតិបត្តិការនេះ ក្រុមប្រជាពលរដ្ឋដែលមានទីលំនៅនៅទីនោះ បានប្រើអំពើហិង្សាមកលើក្រុមកាងារ ដោយប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ចំពាមកៅស៊ូ និងដបសាំង វាយ កាប់ និងគប់បណ្តាលឱ្យនគរបាល រងរបួសម្នាក់ឈ្មោះ នី សារ៉ាត់ ជានាយប៉ុស្តិ៍ទួលទទឹង, មន្រ្តីអាវុធហត្ថរងរបួសម្នាក់ឈ្មោះរឿង សុខជា ជាសមាជិកកងអន្តរាគមន៍ពិសេស អាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងប្រជាការពារឃុំរងបួសម្នាក់ឈ្មោះ លន់ សារិទ្ធ។
ភ្លាមៗ កម្លាំងនគរបាល នៃស្នងការខេត្តបានឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៧នាក់ រួមមាន៖
*ទី១៖ ឈ្មោះ សៅ សេង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិទួលរការ ឃុំទួលរការ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី២៖ ឈ្មោះ លី សារឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
*ទី៣៖ ឈ្មោះ ឃុត សុខុម ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តពកំពង់ធំ
*ទី៤៖ ឈ្មោះ ដន លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិផ្តើម ឃុំសាមខួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
*ទី៥៖ ឈ្មោះ ទឹម ឯម ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិព្រៃកន្សា ឃុំចារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី៦៖ ឈ្មោះ ទូច សុខា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិទួលរការ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី៧៖ ឈ្មោះ លឹម សំបូរ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្មាក់ មាក់ចំនារលើ ស្រុកស្ទោង ខេត្តពកំពង់ធំ ។
ផ្ទុយទៅវិញ លោក ស៊ុន សុផាត តំណាងសហគមន៍ សេអ៊ី៥ លើកឡើងថា ធម្មតាប្រជាពលរដ្ឋពុំដែលហ៊ានបើកការវាយប្រហារទៅលើសមត្ថកិច្ចប្រដាប់ដោយអាវុធនោះទេ ប៉ុន្តែក្នុងរឿងនេះ គឺសមត្ថកិច្ចបានឡើងលើផ្ទះប្រជាពលរដ្ឋ រុញឱ្យពួកគាត់ចុះចេញ អ្នកជិតខាងពួកគាត់ឃើញដូច្នេះក៏នាំគ្នាជួយ ហើយមានការប្រតាយប្រតប់ គប់គ្រឿងចក្រដូចក្នុងរូបវីដេអូទៅ លោក សុផាត បានបញ្ចក់។
បច្ចុប្បន្ន ពលរដ្ឋអនាធិបតេយ្យចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញនូវសេចក្តីប្រកាសពត៌មាន បន្ទាន់មួយ ដើម្បីពន្យល់ពីឯកានោះផងដែរថា៖ “សូមគោរពជម្រាបជូនថា កាលពីថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០នាទីព្រឹក មន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ”រាម” បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះធ្វើការទប់ស្កាត់ការកាប់ទន្ទា្រន រុករានយកដីព្រៃ ធ្វើជាកម្មសិទ្ធិ និងរុះរើខ្ទមអនាធិបតេយ្យ ដែលបានសង់រំលោភយកដីនៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ”រាម”ត្រង់ចំណុចខាងលិចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងកំឡុងពេលនៃការចុះអនុវត្តការរុះរើ ក្រុមជនអនាធិបតេយ្យទាំងនោះ បានប្រើហិង្សាមកលើក្រុមការងារ ដោយប្រើប្រាស់ កាំភ្លើងច្នៃ កាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ និងដបសាំង បាញ់ វាយ កាប់ និងគប់ បណ្តាលឱ្យសមត្ថកិច្ចយើងចំនួន៣នាក់រងរបួសធ្ងន់….”៕