(ភ្នំពេញ)៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៥ ខែមករា សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤ នៅ ពិព័រណ័កោះពេជ្រ កាលពីម្សិលថ្ងៃទី ១៤ មករា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅ លោក កែវ រ៉េមី និងលោក សៅ សុខា ចាត់តាំងគណៈកម្មការស្រាវជ្រាវជាបន្ទាន់ លើបញ្ហាដែលមានមនុស្សស្លាប់ នៅខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ ប្រសិនបើមានករណីដូច្នោះមែន ចំពោះអ្នកដែលបានធ្វើឲ្យគេមានរបួសស្នាម រហូតដល់ស្លាប់ គឺត្រូវតែចាប់មកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន ដោយមិនមានការអត់ឱននោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចាក់ថា ទាក់ទងរឿងរ៉ាវទំនាស់ដីធ្លី គឺមិនត្រូវបានទទួលនូវការឃុំខ្លួននោះទេ ហើយក៏មិនធ្លាក់ដល់បញ្ហារឿងព្រហ្មទណ្ឌនោះដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាសាធារណៈថាគឺ ត្រូវតែចាប់ខ្លួនអ្នកធ្វើទារុណកម្មគេឱ្យខានតែបាន។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្រាវជ្រាវករណីប្រជា ពលរដ្ឋតវ៉ារឿងជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យ ត្រូវបានគេធ្វើទារុណកម្ម រហូតដល់ស្លាប់។ ដោយសម្តេចបានបញ្ជាឲ្យចាប់អ្នកដែលប្រព្រឹត្តធ្វើទារុណកម្មលើប្រជាពលរដ្ឋដល់ស្លាប់ យកមកផ្តន្ទាទោស។
ចំណែកកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ។ ត្រួតពិនិត្យសកម្មភាពការងាររបស់នាយទាហានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច។ក្រុមការងារចំពោះកិច្ចបានទៅដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
តំណាងអ្នកមានជម្លោះដីធ្លី៣នាក់ដែលនៅដែលនៅមានជីវិត ក្រោយពេលតំណាងម្នាក់ទៀតដែលជាប់ឃុំជាមួយគ្នាបានស្លាប់កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងកម្លាំងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ថាបានវាយធ្វើទារុណកម្មលើក្រុមលោក ដើម្បីបង្ខំយកចម្លើយសារភាព។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជា ពលរដ្ឋប្រមាណ២០០នាក់ តំណាងឱ្យ៦០០គ្រួសារ មកពីឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ានៅមុខសាលាខេត្តក្នុងជម្លោះដីធ្លី បន្ទាប់សមត្ថកិច្ចចាប់តំណាងរបស់ពួកគាត់៥នាក់ឃុំខ្លួន។ លុះរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តំណាងម្នាក់ក្នុងតំណោមនោះ ឈ្មោះ (ទុយ ស្រស់) បានស្លាប់ ដោយខេត្តបញ្ជាក់ថា ដោយសារតែបញ្ហាញៀនស្រា ប៉ុន្តែ អ្នកជាប់ឃុំជាមួយ ចោទថា ដោយសារការធ្វើទារុណកម្ម។ ទោះយ៉ាងណា ជុំវិញករណីស្លាប់លោក ទុយ ស្រស់នេះ អ្នកជាប់ឃុំជាមួយអះអាងថា បានឃើញផ្ទាល់ភ្នែកករណីវាយធ្វើទារុណកម្មពីកម្លាំងសមត្ថកិច្ច។
លោក នូវ នឿន តំណាងម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលបានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី១២ ខែមករា បានប្រាប់វីអូឌី តាមទូរស័ព្ទថា ការស្វែងរកកិច្ចអន្តរាគមន៍តាមរយៈមេធាវី អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ គឺដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនលោកផ្ទាល់ និងមនុស្សផ្សេងទៀត។ បើតាមលោក នឿន ក្នុងអំឡុងពេលចាប់ និងឃុំខ្លួននោះ គឺកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានវាយធ្វើបាបពួកគាត់ស្ទើរស្លាប់។
លោក នូវ នឿនបន្ថែមថា៖ ដាក់ខ្នោះរួចរុញចូលក្នុងឡាន វ៉ៃបន្ថែម បុកបន្ថែម កាច់ក និងវ៉ៃពីមុខ។ អ៊ីចឹង ពួកខ្ញុំត្រូវបានគេរុញចូលក្នុងឡានទាំង៥នាក់ រួចយកពួកខ្ញុំទម្លាក់នៅមុខដងទង់ជាតិ។ ខ្ញុំស្មានថា ឱ្យពួកខ្ញុំគោរពទង់ជាតិ។ ពួកខ្ញុំ គេតម្រូវឱ្យអង្គុយនៅមុខដងទង់ជាតិហ្នឹងតែម្ដង។ បន្ទាប់មក គេឱ្យតម្រៀបជួរគ្នា ហើយចាប់ផ្ដើមទាត់វ៉ៃម្នាក់ៗបីបួនជើងៗ។ បើខ្ញុំវិញគេ (ប៉េអឹម) ទាត់បីជើង រួចថែម១ដៃទៀត របូតធ្មេញមួយចំហៀង ។
នៅព្រឹកថ្ងៃទី១២ ខែមករា សកម្មជនដីធ្លី ៣នាក់ រួមមាន លោក អាន រួន លោក នូវ នឿន និងលោក ហ៊ឹម គីរី បានស្នើសុំមេធាវីពីខាងសមាគមអាដហុក។ លោក អាន រួន បញ្ជាក់ថា ការពឹងពាក់មេធាវីពីអង្គការសង្គមស៊ីវិលនៅពេលនេះ គឺដើម្បីបើកផ្លូវឱ្យពួកគាត់ អាចមានលទ្ធភាពក្នុងការតតាំងតាមផ្លូវច្បាប់នៅតុលាការ នាពេលខាងមុខ។
លោក នូវ នឿន បញ្ជាក់ថា ក្នុងចំណោមតំណាង៥នាក់ ដែលត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួន គឺមានតែ៣នាក់ប៉ុណ្ណោះ សម្រេចចិត្តដាក់ពាក្យប្តឹង ប្រឆាំងការធ្វើទារុណកម្មនេះ ចំណែកអ្នកផ្សេងទៀត លោកមិនបានដឹងថា មានមូលហេតុអ្វីបានពួកគេមិនប្តឹង។ លោកដាក់ការសង្ស័យថា អ្នកទាំងនោះមានការភ័យខ្លាចចំពោះសុវត្ថិភាព។
អ្នកស្រី ប៊ុយ គីមឡាក់ ភរិយាលោក ទុយ ស្រស់ និងលោក យិប ម៉ក់ តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ គឺមិនអាចទាក់ទងតាមទូរសព្ទដើម្បីសាកសួរជុំវិញមូលហេតុមិនដាក់ ពាក្យប្តឹងបានទេ ដោយទូរសព្ទហៅមិនចូលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទាក់ទងនឹងសុវត្ថិភាពនេះដែរដែរតំណាងទាំង៣នាក់ ដែលមកស្នើសុំមេធាវី និងដាក់ពាក្យបណ្ដឹងនៅការិយាល័យ អាដហុក អះអាងថា ពេលនេះមានមនុស្សស្លៀកស៊ីវិល តាមឃ្លាំមើលពួកគាត់ជាប្រចាំ។
ទាក់ទងសំណុំរឿងព្រហ្មទណ្ឌនេះ សកម្មជនដីធ្លីបានអះអាងថា អ្នកដែលបញ្ជាឱ្យវាយធ្វើបាប និងទាត់ធាក់ពួកគេ គឺជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឈ្មោះ សរ ប៊ុនសឿង។ ប្រភពបន្ថែមថា លោក ប៊ុនសឿង ក្រៅពីបញ្ជាឱ្យកូនចៅវាយ និងធ្វើទារុណកម្មយកចម្លើយហើយ មន្ត្រីរូបនេះ បានប្រើហិង្សាដោយខ្លួនឯងមកលើពួកគាត់ជាអ្នកតវ៉ារឿងដីធ្លីផ្ទាល់ថែមទៀត។
លោក អាន រួន តំណាងម្នាក់ក្នុងចំណោមអ្នករងគ្រោះទាំង ៥នាក់ ថ្លែងថា លោកត្រូវបានលោក សរ ប៊ុនសឿង ចាប់ទះកំផ្លៀង និងវាយបត់កក្នុងបំណងឱ្យស្លាប់ មុននឹងត្រូវបញ្ជូនចូលទៅក្នុងរថយន្ត។ លោកបន្តថា ក្នុងអំឡុងពេលឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងរូបនេះ បានបញ្ជាឱ្យកូនចៅ វាយសួរចម្លើយបន្ថែមទៀត ក្នុងទម្រង់ធ្ងន់ធ្ងរមកលើពួកគាត់។
លោកបន្ថែមថា៖ គ្នាគេបីបួននាក់ រើម៉េចឈ្នះ។ គេដាក់យកៗ (វាយ) ខ្ញុំឡើងឈាមក្បាលជោគអាវអស់។ វាយខ្ញុំឡើងរយៈត្របកភ្នែកអស់។ អុកជង្គង់ អុកជង្គង់ឡើងឆ្អឹងខ្នង និងអូសវ៉ៃពីលើក្បាលថែមទៀត រួចហើយដាក់មួកសុវត្ថិភាព រួចអូស ហើយកាច់កខ្ញុំបំបាក់។ វ៉ៃនេះវ៉ៃមែនទែន វ៉ៃយកឱ្យងាប់តែម្ដង។ មកដល់ខាងក្នុងទីបញ្ជាការកងរាជអាវុធហត្ថ លោក ប៊ុនសឿង គេវ៉ៃថែមទៀត។ ម្នាក់ថែមបីបួនជើងទៀត ទបទប់គ្នាហ្នឹងឯង។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ពន្យល់ករណីពលរដ្ឋម្នាក់ ឈ្មោះ ទុយ ស្រស់ ដែលបានស្លាប់ក្រោយពីមានការឃាត់ខ្លួន ពាក់ព័ន្ធទំនាស់ដីធ្លីរួម និងបញ្ជូនទៅតុលាការ ហើយតុលាការបង្គាប់ឲ្យឃុំខ្លួន។ ក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ទុយ ស្រស់ មានសភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាន៕