(ភ្នំពេញ)៖ ជនសង្ស័យមានឈ្មោះ លោក ភិន រតនៈ អាយុ ៣៧ឆ្នាំ ជាមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យចោទប្រកាន់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿង ញៀន នៅចំណុចរោងចញ្ចឹមមាន់មួយកន្លែង ស្ថិតក្នុងខណ្ឌពោធិសែនជ័យ។ សំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញហើយ។
សូមរំលឹកថា ជនសង្ស័យមានឈ្មោះ លោក ភិន រតនៈ អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះលោក អ៊ុ រិទ្ធី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ជនសង្ស័យឈ្មោះ ភិន រតនៈ និងមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀត ជិះរថយន្តម៉ាក អាល់ហ្វាត និងបក្ខពួក ២នាក់ (ស្រីម្នាក់) ជិះម៉ូតូណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ (ចំណុខាងលើ)។ បន្ទាប់ មកជនសង្ស័យឈ្មោះ ភិន រតនៈ បានដកអាវុធខ្លី បាញ់មេឃមួយគ្រាប់ និងបញ្ជាឱ្យកូនចៅទៅយកលុយពីជនរងគ្រោះអស់ លុយដុល្លារចំនួន ៣,២០០ ដុល្លារ, លុយខ្មែរចំនួន ២៨ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ០១គ្រឿង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមភ្លាមៗតែម្តង ទើបឈានដល់មានការឃាត់ខ្លួន ជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់៕