(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនពេកបានរេទៅបុកបង្គោលស្លាកចរាចរណ៍ ហើយបន្តទៅបុកដើមឈើមួយដើមពេញទំហឹង រថយន្ត ខូចខាតផ្នែកខាងមុខទៅមុខលែងរួច ម្ចាស់ចុះគេចខ្លួនបាត់។ នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ ៥៥ ខាងក្រោយX2 ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6037 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៥៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងបន្តទៅបុកដើមឈើមួយដើម ពេញទំហឹងរថយន្តទៅមុខលែងរួចរងការខូចខាតខ្ទេចមួយជំហៀងខាងស្តាំ។ ភ្លាមៗនោះគេឃើញបុរសអ្នកបើកបរ បានរត់ចេញពីរថយន្ដឡើងជិះរថយន្ដមួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕