(ខេត្តសៀមរាប) ៖ កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានស្ទាក់ចាប់រថយន្តខ្នាយយក្សមួយគ្រឿង ដឹកដំឡូងពីលើនិងបង្កប់ឈើពីក្រោមនៅចំណុចស្រុកស្វាយលើ។ ករណីនេះលោកម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើបានឱ្យដឹងថា រថយន្តដែលបានចាប់ឃាត់នោះម៉ាកហ៊ីយានដាយធុន(វេអង)។ ម្ចាស់ឈ្មោះឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង។
លោកបន្តថា រថយន្តខាងលើបានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម ដែលក្នុងនោះរកឃើញឈើប្រភេទលេខ១ (ស្រឡៅ) ២១៣សន្លឹក ស្មើ១១,៣០៣ម៉ែត្រគូប ឈើអារលេខ២១១ សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹក ស្មើ១,៦០៥ ម៉ែត្រគូបសរុបស្មើ ១៣,320 ម៉ែត្រគូប។ ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បំរ៉ុងឆ្ពោះទៅខេត្តព្រៃវែង។
លោកនាយខណ្ឌបន្ថែមទៀតថា ក្រោយពីបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ យើងបានផ្តល់ឱកាសឱ្យម្ចាស់ចូលខ្លួនមកទទួល ពិន័យជាអន្តរកាល ក្នុងរយៈពេល៣០ថ្ងៃ។ ក្នុងករណីម្ចាស់មិនចូលខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ អនុវត្តតាមច្បាប់៕