(ខេត្តព្រះសីហនុ)៖ រថយន្តស្ទូចធុនធំបើកបុករះយ៉ាងកម្រោល លើរថយន្ត ២គ្រឿង និងម៉ូតូ ២ គ្រឿងខណៈបើកបរចុះចំណោត បានបណ្ដាលឱ្យមនុស្សប្រុសស្រី២នាក់ស្លាប់នឹងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០ នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណោទរ៉ា ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុ
បានឱ្យដឹងថា រថយន្ដធន់ធំប្រភេទរថយន្ដស្ទូច ពណ៌លឿង ម៉ាក TADANO គ្មានស្លាកលេខ ១ គ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ខណៈពេលកំពុងតែចុះចំណោតទល់មុខឃ្លោងទ្វាររ៉ា ក្នុងទិសដៅពី កើតទៅលិច បើកក្នុងល្បឿនលឿន ពេលចុះចំណោតក៏ស្រាប់តែដាច់ហ្វ្រាំងជ្រុលចង្កូតទៅបុក ម៉ូតូ២គ្រឿង ខណៈដែលកំពុងតែធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យមនុស្ស២នាក់ប្រុសស្រីស្លាប់បាត់បង់ជីវិតភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីពេទ្យ។
ប្រភពបន្តទៀតថាបន្ទាប់ពីបុករះម៉ូតូហើយ ដោយរថយន្ដស្ទូចធន់ធំនោះមិនទាន់អស់ល្បឿន ក៏ជ្រុលបន្តទៅបុករថយន្ដចំនួន២គ្រឿងទៀត ដែរ១គ្រឿងកំពុងតែធ្វើដំណើរស្របទិសគ្នា ម៉ាក CAMERY ចំណែក រថយន្ដ១គ្រឿងទៀតម៉ាក HYUNDAI STAREX ចតនៅលើចញ្ចើមផ្លូវបណ្ដាលឱ្យខូចខាតរថយន្ដ សំណាងល្អមិនបណ្ដាលឱ្យរបួសដល់មនុស្សដែរជិះក្នុងរថយន្ដ ។
សមត្ថកិច្ចបានបញ្ជាក់ថាមធ្យោបាយធ្វើដំណើរដែលរងការបុក 2 រូបភាពស្គាល់នោះមាន៖ ទី១- រថយន្តម៉ាក HYUNDAI STAREX ពណ៌ស ផ្លាកលេខ ព្រះសីហនុ 2A-5731 ឈប់ចត ម្ចាស់មិនទាន់ស្គាល់អត្តសញ្ញាណ ។ ទី២-រថយន្តម៉ាក CAMERY ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ2AB-6643 អ្នកបើកបរឈ្មោះ ឃឹម រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ទី៣-ម៉ូតូម៉ាក YAMAHA QBIX ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស (រងរបួសស្រា) និងទី៤-ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1B-5082 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(ស្លាប់នៅនឹងកន្លែង) និងអ្នករួមដំណើរមនុស្សម្នាក់ឈ្មោះ នាក់ សុភា ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ (ស្លាប់នៅនឹងកន្លែង)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាង រថយន្ត៣គ្រឿង និង ម៉ូតូ ២គ្រឿង សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ បច្ចុប្បន្នសពយកទៅរក្សាទុកនៅវត្តក្រោមរងចាំសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕