(ខេត្តបាត់ដំបង) ៖ បុរសម្នាក់ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នាដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវក្រាលកៅស៊ូចំណុច ភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានឱ្យដឹងថាជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ បើកម៉ូតូបុកគោយន្តកន្រ្តៃដឹកអុស បើកបរបញ្ច្រាសទិសគ្នា ភ្លាមនោះម្ចាស់គោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់។
ប្រភពសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា បុរសរងគ្រោះបានបើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុបានរេចង្កូតចូលទៅគន្លងផ្លូវខាងស្ដាំបុកនឹងគោយន្តចំពីចំហៀងទ្រុងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងវាស់វែងហើយប្រគលសពឱ្យទៅក្រុមគ្រួសរយកទៅធ្វើបុណ្យតាមប្រពៃណៅ។ ដោយឡែកមធ្យោបាយទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ៕