(ខេត្តកំពង់ស្ពឺ)៖ រថយន្ត០១គ្រឿងបានបុកគ្នាជាមួយរថយន្តកុងតឺន័រ ១គ្រឿង បណ្តាលឱ្យក្រឡាប់ ប៉ុន្តែករណីមិនបង្កឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង០២នាទីព្រឹកថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨២-៨៣ ត្រង់ចំណុចភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត០១គ្រឿង ហ្វ្រីលែនណែ (freightliner) ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉កលេខ ព្រះសីហនុ 4A-0996 អ្នកបើកបរឈ្មោះឈូក ស្រាយ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកោះក្លូត ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាច ខេត្តកំពត បបើកបរក្នុងទិសដៅពីលិចទៅកើត។
លុះមកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក នីសាន់ ឌីស៊ែល ប្រភេទបែនដឹកដី គ្មានផ្លាកលេខ ពណ៌ខៀវ អ្នកបើកបរ ឈ្មោះ ខា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្គុះ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តបានមកចាក់ដីរួចបើកឆ្លងឡើងមកលើផ្លូវជាតិ ពីត្បូងទៅជើង បណ្តាលឱ្យរថយន្តម៉ាក ហ្វ្រីលែនណែក្រឡាប់នៅលើទ្រូងផ្លូវ រងការខូចខាតធ្ងន់ ដាច់ទូកុងតឺន័រមកលើថ្នល់ជាតិ ចំណែករថយន្តម៉ាកនីសាន់ ដឹកដី រងការខូចខាតស្រាល ពេលបុករួចអ្នកបើកបររថយន្តម៉ាកនីសាន់ បានរត់គេចខ្លួនបាត់ ៕