រថយន្តដឹកដីធុនធំបំផ្លាញស្ពានដែកមួយកន្លែងនៅភូមិជ័យជម្នះនៅផ្លូវជាតិលេខ២
ដោយ Heng  ថ្ងៃទី 27 December, 2019  ម៉ោង 07:43 | សន្តិសុខ​សង្គម

(ខេត្តកណ្ដាល)៖ រថយន្តដឹកដីមួយគ្រឿងបានបង្កឱ្យបាក់ស្ពានដែកមួយកន្លែង កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឱ្យដឹងថា រថយន្តដែលធ្វើឱ្យបាក់ស្ពាននេះ ជាប្រភេទរថយន្តម៉ាកយីឌុប ពាក់ស្លាកលេខភ្នំពេញ 3E-8531 បើកបរដោយឈ្មោះ រឹម គឹម ភេទប្រុស អាយុ២៧ឆ្នាំ ។ រថយន្តបង្កមិនដឹងជារបស់ក្រុមហ៊ុនមានឈ្មោះអ្វីនោះទេ គ្រាន់តែដឹងថា ជារថយន្តរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ របស់ក្រុមហ៊ុនកូរ៉េមួយ។

ប្រភពដដែលបានឱ្យដឹងថា ករណីនេះចាត់ទុកជាសំណាងដែរដែលមិនមានមនុស្សរងរបួសទេ ដោយគ្រាន់តែរថយន្តដឹកដីប្រវែងជាង១០ម៉ែត្រសង្កត់ស្ពានបាក់ធ្លាក់ចូលក្នុងព្រែក ហើយបានបង្កស្ទះចរាចរណ៍ ។

យ៉ាងណាប្រជាពលរដ្ឋបានរិះគន់ថា រថយន្តដឹកដីមួយគ្រឿងនេះព្រហើនណាស់ដឹងថាស្ពានតូចនិងចាស់ទ្រុឌទ្រោមដែរនៅតែគឃ្លើនហ៊ានដឹកដីលើសចំណុះបំផ្លាញស្ពានរដ្ឋទាល់តែបាន ដូច្នេះអាជ្ញាធរមូលដ្ឋានគួរតែពិន័យម្ចាស់រថយន្តដឹកដីនេះឱ្យធ្វើស្ពានសងរដ្ឋវិញទើមសម ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...