(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត Lexus 570 ១គ្រឿងបោះពួយយ៉ាងលឿនតាមអំណាចឡានទំនើប ជ្រុលទៅបុករថយន្តដឹកខ្សាច់ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឱ្យរថយន្ត Lexus 570 ខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនមានអ្នករងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ យប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រៃស ក្នុងភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បើករថយន្ត Lexus 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5855 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករថយន្តដឹកខ្សាច់ពណ៌ស ពាក់ផ្លាកលេខភ្នំពញ 3B-7586 បណ្ដាលឱ្យរថយន្ត570ដាច់កង់មុខ រងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តដឹកខ្សាច់មិនបានឈប់នៅកន្លែងកើតហេតុទេ ព្យាយាមបើករត់ប្រមាណ៣០ម៉ែត្រ ទើបឈប់រថយន្តរួចអ្នកបើកបរចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុខាងលើ ឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយសម្រួលមិនត្រូវ សមត្ថកិច្ចវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕