(ខេត្តរតនគិរី) ៖ ជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ទៅពីភ្នំពេញ នាំគ្នាស្កាត់ទៅរកស៊ីលួចលុយក្នុងកាបូបជនរងគ្រោះដល់ខេត្តរតនគិរី បានលុយចំនួន១០៧០ដុល្លារ នាំគ្នាចូលទៅលំហែកាយនៅបឹងយក្យឡោម ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចលុយក្នុងកាបូបជនរងគ្រោះ កាលពីវេលាម៉ោង៨ និង៥៥នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានទាំង០៣នាក់នៅចំណុចបឹងយក្ខឡោម ស្ថិតក្នុងក្រុងបានលុង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់៖
ទី ១-ឈ្មោះឡុក សាម៉ុន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។ ទី២-ឈ្មោះ ឡុក ហ៊ីង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិព្រែកតាគង់ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី៣-ឈ្មោះ ជុំ នីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ឈន ដាវី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ លក់ខោអាវជជុះនៅផ្សារបរកែវ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ បានចូលមកបន្លំលួចយកកាបូបលុយរបស់ជនរងគ្រោះកំពុងលក់ខោអាវជជុះនៅក្នុងផ្សារបរកែវ ចំនួន១០៧០ដុល្លារ។ ក្រោយធ្វើសកម្មភាពលួចបានសម្រេចហើយ ជនសង្ស័យទាំង៣នាក់ មិនទាន់បានរត់គេចទៅណាឆ្ងាយទេ គឺនាំគ្នាចូលទៅលំហែកាយនៅបឹងយក្យឡោម ក៏ត្រូវសមត្ថកិច្ចតាមចាប់បានភ្លាមៗតែម្តង ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕