(ខេត្តស្ទឹងត្រែង) ៖ រថពាសដែក១គ្រឿង របសរបស់យោធាភូមិភាគ១ បើកឆ្លងស្ពានមេគង្គ ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានផ្នែកខាងឆ្វេង ហើយបន្តរមកបុកបង្កាន់ដៃស្ពានផ្នែកខាងស្ដាំ បាកបាក់អស់មួយប្រឡោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ស្ថិតក្នុងភូមិបាចុងចុង សង្កាត់ព្រះបាទ ខេត្តស្ទឹងត្រែង ប៉ុន្តែសំណាងល្អណាស់ ដែលរថពាសដែកមិនធ្លាក់ចូលទន្លេ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថពាសដែក១គ្រឿង បើកបរដោយមន្ត្រីយោធា នៅភូមិភាគ១ ជិះមនុស្សចំនួន៣នាក់ ឆ្លងកាត់ស្ពានមេគង្គពីខាងលិចមកកើត ខណៈពេលដែលកំពុងបើកបរ ស្រាប់តែឃើញរេចង្កូតទៅបុកបង្កាន់ស្ពានផ្នែកខាងឆ្វេង រួចបន្តរេទៅបុកបង្កាន់ដៃស្ពានខាងស្ដាំ បណ្តាលឱ្យបាក់អស់មួយប្រឡោះ។
ប្រភពមួយទៀតអះអាងថា រថពាសដែក១គ្រឿងនេះ ទើបតែជួសជុលរួច ហើយក៏កំពុងបើកសាកល្បង ប៉ុន្តែទំនងជាជាងធ្វើមិនទាន់ត្រឹមត្រូវ ទើបពេលបើកដល់លើស្ពាននោះ ស្រាប់ តែចង្កូតមិនស៊ី រេទៅបុកបង្កាន់ដៃស្ពានតែម្ដង ។ទោះជាយ៉ាងណា នេះចាត់ទុកជាសំណាងល្អហើយដែលមិនធ្លាក់ចូលទន្លេ៕