(ខេត្តកោះកុង)៖ នៅវេលាម៉ោង១៤ និង៣៤នាទី រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើបង្កឡើងដោយរថយន្តត ១ គ្រឿង ម៉ាកFRONTIA កង់៦ ចំណុះមួយតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT- 6439 ដឹកសាប៊ូ បើកបរទិសដៅពីផ្សារវាលរេញ មកកោះកុង បានបែកកង់មុខខាងឆ្វេងរ៉េចង្កូតចូលចំណែកផ្លូវនៃទិសបញ្ច្រាស បានបុកជាមួយរថយន្ត ០១គ្រឿងទៀត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A -4000 ដែលកំពុងបើកបរ ចំពីរមុខយ៉ាងពេញទំហុឹង បណ្ដាលឱ្យអ្នកជិះរថយន្តម៉ាកFRONTIA ស្លាប់ចំនួន ០៤នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍នោះមាន៖ ទី១-ឈ្មោះ សូ សំនាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល ( ស្លាប់ ) ។ ទី២- ឈ្មោះ វីរះ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តស្វាយរៀង (ស្លាប់) ។ ទី៣- ឈ្មោះ ស៊ាង គ្រី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម (ស្លាប់) ។ ទី៤- ឈ្មោះ ប៊ូ ប៊ុនថន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់)។ ប្រភពដដែលបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្ត HYUNDAI និងអ្នករួមដំណើរ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានយកមកតំកល់ទុកនៅវត្តអណ្តូងទឹក រងចាំ គ្រួសារមកទទួល។ ចំណែកឯ រថយន្តទាំងពីរគ្រឿងខាងលើ ត្រូបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ៕