(ខេត្តស្វាយរៀង)៖ បុរសម្នាក់បានរងរបួសហូរឈាមពេញមុខ និងមនុស្ស៣នាក់ទៀតរង របួសស្រាល ដោយសារជួបគ្រោះថ្នាក់ចរាចរមួយ បណ្តាលមកពីអ្នកបើកបររថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ បើកបរក្នុងសភាពស្រវឹង ហើយបើកវ៉ាជែងក្នុងសភាពគ្រោះថ្នាក់ ដោយវ៉ារថយន្តកុងតឺន័រ ហើយទាន់ហ្វ្រាំង ត្រូវកុងតឺន័រ បុកពីក្រោយជ្រុលទៅបុករថយន្តហាយឡែនមួយគ្រឿងទៀត បញ្ច្រាសទិសគ្នា ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា៖ រថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AD- 8111 បើកបរដោយបុរសម្នាក់ឈ្មោះ សំបូរ សីហា អាយុ ៣៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ ព្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏វ៉ារថយន្តកុងតឺន័រ ស្របពេលនោះ ក៏វាក់រថយន្តមកពីមុខ ហើយជាន់ហ្វ្រាំង ក៏ត្រូវរថយន្តកុងតឺន័រ បុកពីក្រោយជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 4453 បើកបរដោយឈ្មោះ ម៉ៅ សីហា អាយុ៣១ឆ្នាំ មុខរត់តាក់ស៊ី (ដឹកជនជាតិចិន) ធ្វើដំណើរពីកើតទៅលិច ចំផ្នែកខាងឆ្វេង ដាច់កង់ តែសំណាងល្អមិនមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ ហើយភាគីខាងរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ សុខចិត្តសងខាងរថយន្តហាយឡែនឌ័រ ពណ៌សំបកឪឡឹក ដើម្បីបញ្ចប់រឿង៕