(ខេត្តព្រះសីហនុ)៖ រថយន្ត៣គ្រឿងបានបុកបន្តគ្នាក្នុងក្រុងព្រះសីហនុបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៤ ម្តុំឃ្លាំងលើ ជិតចូលសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តដឹកថ្ម ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-0778 ជាកម្មសិទ្ធក្រុមហ៊ុនR (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)មានទិសដៅចូលក្រុងព្រះសីហនុ។ លុះដល់ចំណុចខាងលើបានបុករុញពីខាងក្រោយរថយន្តចំនួន២គ្រឿងទិសដៅស្របគ្នា ។
រថយន្តរងគ្រោះទី១- ម៉ាក TACOMA ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ2A-4838 អ្នកបើកបរឈ្មោះ ឈុន ចេង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ សិប្បកម្មកាត់កញ្ចក់ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន២នាក់អង្គុយខាងក្រោយ ។ រថយន្តទី២-ម៉ាក IZUZUពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ2A-8409 ដឹកទឹកសុទ្ធច័ន្ទរះអ្នកបើកបរឈ្មោះ សឿ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះបណ្តាលឱ្យរងរបួសមនុស្សចំនួន២នាក់ អ្នករួមដំណើរលើរថយន្តTACOMA ៖ទី១-ឈ្មោះ ណៃ ចិន្ដា ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។ទី២-ឈ្មោះ លិ ប៊ុនថេង ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ស្រុកទឹកឈូ ខេត្តកំពត រងរបួស ធ្ងន់ ។
អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើចំណែកអ្នកបើកបររថយន្តដឹកថ្មរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាងរថយន្តចំនួន៣គ្រឿងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕