(ខេត្តរតនគិរី)៖ ជម្លោះស្នេហាត្រីកោណ មន្ត្រីនគរបាលម្នាក់ទប់កំហឹងមិនបានឈានដល់បាញ់សម្លាប់គូទំនាស់របស់ខ្លួនដែលជាមន្ត្រីនគរបាលដូចគ្នានៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី កាលពីវេលាម៉ោង០៩និង ២០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។
ជនរងគ្រោះត្រូវបានបាញ់មួយគ្រាប់ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ រីឯជនល្មើសបន្ទាប់ពីធ្វើសកម្មភាពរួចបានគេចខ្លួន តែមួយម៉ោងក្រោយមកត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននាពេលបន្ទាប់។
នគរបាលខេត្តរតនគិរីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន ទុំ អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ។ ជនរងគ្រោះជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដរតនគិរី។ ចំណែកជនសង្ស័យឈ្មោះ នួន មករា ហៅក្រឹម អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី មានទីលំនៅ ភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការណ៍របស់នគរបាលខេត្តរតនគីរីបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសាររឿងគំនុំផ្ទាល់ខ្លួន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ប្រភពដដែលបានបន្តថា មូលហេតុដែលឈានដល់ការបាញ់សម្លាប់នេះ ដោយសារជនរងគ្រោះយកប្រពន្ធរបស់ជនសង្ស័យ ហើយមានការគំរាមកំហែងមកលើជនសង្ស័យថែមទៀតផង។ ជនសង្ស័យ និងប្រពន្ធមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយទេ ហើយជនរងគ្រោះបានទៅមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់ជនសង្ស័យ។
ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេក្នុងហាងជាមួយមិត្តភក្តិ ក៏មានរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស ពាក់ផ្លាកលេខ 2N-5011 បើកបរដោយជនសង្ស័យ ជិះមកដល់ ហើយឈប់មុខហាងកាហ្វេរួចចុះពីលើរថយន្តដើរសំដៅមករកជនរងគ្រោះ។ ពេលមកដល់កៀកជនរងគ្រោះ ជនដៃដល់ក៏ដកកាំភ្លើងខ្លីម៉ាក កា៥៩
បាញ់ចំនួនមួយគ្រាប់ ចំក្បាលជនរងគ្រោះតែម្តង (ចាប់ចង្កាងើយឡើងហើយបាញ់មួយគ្រាប់ចំក្រោមចង្កាខាងឆ្វេងធ្លាយទៅសៀតផ្កាខាងស្ដាំ)។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យក៍៏រត់ឡើងរថយន្តបើកគេចខ្លួនចេញទៅបឹងយក្សឡោម។ ប៉ុន្ដែភ្លាមនោះកម្លាំងស្នងការនគរបាលខេត្ដបានដេញតាមនិងឈានទៅចាប់ខ្លួនជនសង្ស័យនោះក្នុងពេលគេកំពុងអង្គុយផឹកស្រាបៀរធ្វើដូចពុំដឹងរឿងអ្វីទាំងអស់។
បន្ទាប់ពីចាប់ខ្លួន រួចក៏បញ្ជូនទៅកាន់ព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីសាកសួរដំណើររឿងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕