(ភ្នំពេញ) ៖ រថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿងបានបើកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកតូយូតាព្រូស នៅចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតទាំងសងខាង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះនេះកើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ២៧៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុនោះគេឃើញរថយន្តម៉ាក តូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1356 បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AS-8752 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧៨ ក្នុងទិសដៅខ្វែងគ្នាគឺពីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងខាងស្ដាំ បណ្ដាលឱ្យដាច់កាឡែកង់មុខទៅមុខលែងរួច ចំណែករថយន្តឡិចស៊ីសរងការខូចខាតកាងផ្នែកខាងមុខ ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានជជែករកតែត្រូវរៀងៗខ្លួន ចុងក្រោយទើបភាគីទាំងពីរសម្រេចឱ្យសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕