(ខេត្តកំពង់ចាម)៖ រថយន្ត នីសាន់ បើកលឿន បែកកង់ទាញឡើងសួនច្បារ ទ្រូងផ្លូវ រេទៅបុករថយន្ត សាំយ៉ុង និងមូតូ២គ្រឿងបន្ថែមទៀត បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ៧នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៦ ចំណុចខាងជើងស្ពានត្រោះ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឱ្យដឹងថារថយន្ដ ០១គ្រឿង ម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ 2AH- 9289 បើកបរដោយឈ្មោះ យ៉ន យីន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ខេត្តសៀមរាប មានទិសដៅត្បូងទៅជើង ដល់ចំណុចខាងលើបានបែកកង់មុខខាងឆ្វេង បានជ្រុលចង្កូតឡើងសួនច្បារ ទៅបុករថយន្ដ ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H 2154 បើកបរដោយឈ្មោះ សុះ អ៊ែល ភេទប្រុស អាយុ៤៥ នៅខេត្តស្ទឹងត្រែង ហើយជ្រុលទៅបុកម៉ូតូពីរគ្រឿងទៀត ដែលមកពីទិសខាងជើងទៅត្បូង ស្របជាមួយរថយន្ដសាំយ៉ុង ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្ដាលឱ្យខូចម៉ូតូ ០២គ្រឿស្រាល ខូចរថយន្ដ ០២គ្រឿង ធ្ងន់ របួសមនុស្សសរុប ០៧នាក់ ដោយមាន អ្នកជិះក្នុងរថយន្ដសាំយ៉ុង ០៤នាក់ (ស្រាល ០២នាក់ ធ្ងន់០២នាក់)របួសអ្នកជិះម៉ូតូ ០៣នាក់ (ធ្ងន់ ០២នាក់ ស្រាល ០១នាក់) ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាកនីសាន់ដើម្បីដោះស្រាយតាមនិតិវិធី៕