(ខេត្តកណ្តាល)៖ រថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធមុនីបុកម៉ូតូមួយគ្រឿង ស្លាប់ម្នាក់ ហើយបន្តទៅបុករថយន្តប្រភេទសណ្ដោងមួយគ្រឿងទៀត បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្ លេខ១៩-២០ ចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តក្រុង ១គ្រឿងម៉ាក HYUNDAI ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-2681 របស់ក្រុមហ៊ុនរិទ្ធិមុនីដឹកអ្នកដំណើរ បើកបរក្នុងទិសដៅ ចេញពីរាជធានីភ្នំពេញ ពីត្បូងទៅជើង (អ្នកបើករត់គេចខ្លួន) ពេលបើកបរមកដល់កន្លែងកើត បានបុកម៉ូតូ ១គ្រឿង ដែលកំពង់ឈប់នៅលើទ្រូងផ្លូវទិសដៅពីត្បូងទៅជើង ម៉ាក HONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1I-9232 បើកបរដោយឈ្មោះ បូ ពៅ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ហើយក៏ជ្រុលទៅបុកនឹងរថយន្ត ១គ្រឿងទៀត ប្រភេទរថយន្តក្បាលសណ្តោង ដែលកំពង់បត់កាត់ទទឹងថ្នល់ទិសដៅពីកើតទៅលិច ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8274 អ្នកបើកបររត់គេចខ្លួនក្រោយពេលកើតហេតុ ។
ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការជួយសម្រួលចរាចរណ៍ និងបានវាស់វែង និងនាំយកមធ្យោបាយ ពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើបណ្តាលមកពី អ្នកបើកបររថយន្តក្រុងមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕