(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តធុនធ្ងន់បុកគ្នាប្រឡប់មួយគ្រឿងតែខូចខាតទាំងសងខាង។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវកោង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្ត នីសាន់បែន ដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1466 បើកពីត្បូងទៅជើង ដល់ចំណុចផ្លូវកោង ត្រូវបានរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ស សណ្តោងស៊ីទែន ដឹកស៊ីម៉ង់ត៍ បើកពីជើងទៅត្បូងបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនរួចរេចង្កូតមកបំពានបំណែកផ្លូវម្ខាងទៀត បានបុកចំពាក់កណ្តាលរថយន្តបែន រុញក្រឡាប់ផ្ងារជើងរថយន្ត បណ្តាលឱ្យរងខូចខាតខ្ទេចសងខាង តែសំណាងល្អគ្មានអ្នករងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួលចរាចរណ៍ និងប្រគល់រថយន្តទាំង២ខាងលើទៅផ្នែកជំនាញខណ្ឌ និងការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ចុះទៅពិនិត្យដល់ចំណុចកើតហេតុ តែត្រូវបានភាគីរថយន្តបង្ក រថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ ធ្វើការសម្របសម្រួល និងស្នើសុំ យករថយន្តរងគ្រោះទៅជួសជុសឱ្យវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕