(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងដែនដី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមទិញដីឡូតិ៍នៅទីក្រុងបូកគោ ដើម្បីសាសង់ជាលំនៅ ឋានដើម្បីសម្រាកកម្សាន្តទេសចរណ៍និងប្រកបរអាជីកម្មផ្សេងៗ ។
ថ្លែងបើកសិក្ខាសាលាស្តីពី“ការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូក គោ និងអភិវឌ្ឍវិស័យទេសចរណ៍” សណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ លោក ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអំពាវនាវ ឱ្យកូនខ្មែរដែលមានលទ្ធភាព ចូលរួមជាមួយគម្រោងរបស់រាជរដ្ឋាភិបាលនេះ ព្រោះតំបន់នេះ ស្ថិតនៅលើទីតាំងល្អ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល មានដូចជា អាគារដ្ឋបាល លំនៅឋាន អាគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អាគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្ត៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គិសនី និងទំនប់ទឹក។
លោកបានដឹងទៀតថា នៅរយៈពេល ១០ថ្ងៃនេះគម្រោងលក់បាន ៤០០០ឡូតិ៍ហើយសម្រាប់កូនខ្មែរ និងចាប់ពីពេលនេះទៅសប្តាហ៍ក្រោយគឺត្រូវជំរុញ លក់អោយ បាន ១០០០០ ឡូតិ៍ បន្ថែមទៀតសម្រាប់កូនខ្មែរ ។
លោកបញ្ជាក់ថា « បើអត់មានថវិកាក្នុងការសាងសង់គឺទៅលំហែកាយចងតង់ ដាំបន្លែងហូបខ្លួនឯង ថ្ងៃណាដែលមានលុយគឺយើងសង់ចង្រ្កានបាយមុនហើយតមកមុខ កុំអោយមានពាក្យថា បូកគោសុទ្ធតែវៀតណាម កុំអោយមានពាក្យថាបូកគោសុទ្ធតែចិនឥលូវបូកគោសម្រាប់កូនខ្មែរ កូនខ្មែរត្រូវតែមានការគាំទ្រ » ។
ការអំពាវនាវបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់នូវប្លង់គោលគម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោថ្មីជាផ្លូវការ ដើម្បីបំរើដល់វិស័យទេសចរណ៍ និងទាក់ទាញអ្នកវិនិយោគទុនឲ្យកាន់តែច្រើនឲ្យមកធ្វើការនិយោគនៅតំបន់ដ៏មានសក្តានុពលរបស់កម្ពុជាមួយនេះ។
យោងតាមអនុក្រឹត្យ ស្តីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលម្រោងអភិវឌ្ឍន៍ក្រុងបូកគោដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែ មិថុនា ឆ្នាំ ២០១៩ បានកំណត់យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្តោតសំខាន់លើ ផ្នែកនគរូបនីយកកម្ម វិស័យ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេសសេវាកម្ម សង្គមកិច្ច ការគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិ និងអភិវឌ្ឍបៃតង ជាដើម៕