(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៩ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលហើយកម្មករ កម្មការិនីរោងចក្រប្រុសស្រី២នាក់ស្លាប់ និងជិត ៣០នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ខណៈដែលតៃកុងរថយន្តបើកវ៉ាជែងនឹងម៉ូតូបណ្តាលឱ្យគ្រប់គ្រងលែងបានក្រឡាប់ផ្ងារជើង ជះកម្មករ កម្មការិនីរដូករណែលពេញផ្លូវ។ ករណីនេះបានកើតឡើងនៅលើផ្លូវក្រាលកៅស៊ូមួយខ្សែស្ថិតក្នុងភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបានឱ្យដឹងថា តៃកុងរថយន្តដែលមកបើករថយន្តនេះគ្មានចេះបើកបរទេ គឺគេរកមកបើកជំនួស ដោយសារម្ចាស់រថយន្តឈឺបើកម៉េចកើត។ អ្វីដែលគួរឱ្យហួសចិត្តទៀតនោះ គឺតៃកុងគោយន្តសោះ គ្មានប័ណ្ណបើកបរផង ហ៊ានបើក រថយន្តដឹកកម្មករ កម្មការិនីរោងចក្រមានមនុស្សជិះជិត៤០នាក់។
អ្នកបើកបររថយន្តមានឈ្មោះ ខេន សាវឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយមកអ្នកបើកបរចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះដែលបានស្លាប់ ទី១/មានឈ្មោះ ស្រីពៅ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិបាត់ថង់ ឃុំគគីរសោមស្រុកស្វាយទាបខេត្តស្វាយរៀង។ ទី២/មានឈ្មោះ គង់ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិទួលអង្គឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បច្ចុប្បន្នជនរងគ្រោះទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ និងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ រីឯសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ៕