(ខេត្តមណ្ឌលគិរី)៖ ឃ្លាំងស្តុកឈើមួយកន្លែងត្រូវបានកម្លាំងគណៈកម្មការថ្នាក់ជាតិចុះពិនិត្យ និងនាំខ្លួនម្ចាស់ទៅសួនាំនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។ ការចុះពិនិត្យ និងនាំខ្លួនម្ចាស់ឃ្លាំងនោះកម្លាំកងរាជអាវុធហត្ថផ្ទៃប្រទេសបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
តាមប្រភពបានឱ្យដឹងថា៖ ទីតាំងស្តុកឈើ និងសិប្បកម្មនោះជារបស់ឈ្មោះ សួន គឹមហេង ភេទស្រី ដែលមានវត្ថុធាតុដើមឈើជាមធ្យមភាគ១០០ម៉ែត្រត្រីគុណ ក្នុងរយៈពេល១ឆ្នាំក្រោមការផ្គត់ផ្គង់ឈើពីក្រុមហ៊ុនវិជ្ជរី អុីមផត អុិចផត។ ដោយគេសង្ស័យថាគ្រាន់តែយកស្លាសិប្បកម្មមកបិទបាំងហើយធ្វើការនាំឈើនេះទៅលក់ទាំងដុលទៅកាន់ទីផ្សារក្នុងប្រទេសឬនាំចេញទៅវៀតណាម ។
ការត្រួតពិនិត្យនេះបើផ្អែកតាមប្រភពថា ឈើទាំងអស់បានដឹកមកទុកនៅក្នុងឃ្លាំងនោះមានចំនួន២រថយន្តយីឌុប ស្មើនិងឈើចំនួន១៧០ដុំ។ សិប្បកម្មខាងលើ គេពុំបានសង្កេត ឃើញមានម៉ាសុីនឬរណា ព្រមទាំងសម្ភារៈបម្រើដល់ការអាជ្រៀកឈើនោះទេ។ ទោះជាយ៉ាងណាតំណាងម្ចាស់សិប្បកម្មត្រូវបានគណៈកម្មការថ្នាក់ជាតិ នាំខ្លួនពីស្រុកកែវសីមាទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីបន្តការ សាកសួរបន្ថែម។
ករណីបទល្មើសព្រៃឈើបើតាមរបាយការសរុបលទ្ធផលយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានដីរដ្ឋគិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩បានបង្ហាញថា៖ បង្រ្កាបបទល្មើសព្រៃឈើចំនួន០៧ លើក បញ្ជូនជនសង្ស័យ ០៦នាក់ ទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងបានបំផ្លាញចោលរថយន្តប៉ាកុង ០៣គ្រឿង, និងរ៉ឺម៉កកែច្នៃ ០២គ្រឿង។ ប្រមូលបានឈើ ល្មើសចម្រុះចំនួន ២១៩ដុំ, ឈើអុសក្រាក់ ១០ម៉ែត្រគូប, ឈើអារចម្រុះ ៦,១៨ម៉ែត្រគូប, ឈើស្រឡៅ ៣០ដុំ, ឈើអុសមិនទាន់វាស់វែង ។ សកម្មភាពបង្ក្រាបខាងលើនេះធ្វើឡើងនៅ៖ ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី,ឧត្តរមានជ័យ។
សកម្មភាពត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ០៤ លើក មានច្បាប់ មួយទីតាំង, អត់ច្បាប់ ១៥ទីតាំងមានខេត្តកំពង់ឆ្នាំង ព្រះវិហារ និងខេត្ត បន្ទាយមានជ័យផងដែរ៕
