(ភ្នំពេញ) ៖ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចមុខឃ្លាំងគ្មានលេខ ស្ថិតនៅតាមបណ្ដោយផ្លូវហាយតិច ក្នុងភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគឺមានរថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ Hyundai ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣D-៦០៧៤ បានដឹកទំនិញចេញពីខេត្តតាកែវ មកភ្នំពេញដើម្បីចែកចាយតាមទីផ្សារបន្ត ប៉ុន្តែមិនទាន់បានរើ អីវ៉ាន់ទម្លាក់ផង ក៏ស្រាប់តែឃើញមានអណ្ដាតភ្លើងឆាបឆេះចេញពីចំណុចកណណុចកណ្ដាលរថយន្តយ៉ាងសន្ធោសន្ធៅ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
សូមបញ្ជាក់ផងដែរថារថយន្តយីឌុបធុនធំខាងលើនេះគឺបានស្តុកទុកទំនិញជាច្រើនប្រភេទដែលមានដូចជាសាប៊ូដុះខ្លួន,ធុងធុងហ្គាសធំខ្នាតធំៗ,មេអាសីត,សារាងចាក់ថ្នាំ,ដុំស្កុត,ប្រផេទថ្នាំបាញ់រុក្ខជាតិឱ្យឆាបមានផ្លែ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
តាមការកត់សម្គាល់ទំនិញដែលដឹកពីប្រទេសវៀតណាមនេះដឹកច្របូកច្របល់ហើយបរិក្ខារពេទ្យក៏លាយឡំជាមួយនឹងថ្នាំសារធាតុគីមី និងសម្ភារៈប្រើប្រាស់ ដែលគេមិនដឹងថាសមត្ថកិច្ចច្រកព្រំដែនអនុញ្ញាតឱ្យដឹកជញ្ជូនយ៉ាងដូច្នេះសមស្របតាមបទដ្ឋានបច្ចេកទេសរក្សាគុណភាពមុខទំនិញនីមួយៗបានដែរឬយ៉ាងណានោះទេ។
ដោយសារភ្លើងឆេះរថយន្ត និងទំនិញខាងលើបានខូចខាតស្ទើរតែទាំងស្រុង ហើយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៨គ្រឿង បាញ់អស់ទឹក១១២គូប ទើបរលត់។
ដោយឡែក លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានថ្លែងថា ករណីនេះគឺរថយន្តចតស្ងៀមដោយម្ចាស់ដេកក្នុងរថយន្ត ហើយស្រាប់តែឆេះតែម្តង។ ប៉ុន្តែករណីនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទំនិញតែប៉ុណ្ណោះ៕


