ក្រោយពីគ្មានដំណោះស្រាយរឿងក្រុមហ៊ុនចិនដាក់កុងត្រូល បង្កការលំបាកធ្វើដំណើរ អ្នកភូមិនាំគ្នារុះរើចោល,ជនជាតិចិនម្នាក់រងរបួស,សមត្ថកិច្ចឃាត់ខ្លួនប្រជាពលរដ្ឋ៤នាក់
ដោយ Heng  ថ្ងៃទី 18 July, 2019  ម៉ោង 07:45 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ មានពលរដ្ឋច្រើននាក់នាំគ្នាតវ៉ាមិនពេញ ចិត្តចំពោះក្រុមហ៊ុន យិះ ជៀ របស់ចិនដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលវិនិយោគនៅតំបន់នោះ បានដាក់កុងត្រូលបិទផ្លូវបង្កការលំបាកចេញចូលទៅកាន់ឆ្នេរកោះសំពោច ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយបាន ឈានរុះរើកម្ទេចចោល។ ក្រោយពីគ្មានដំណោះស្រាយ ការផ្ទុះកំហឹងកម្ទេចប៉ុស្តិ៍យាមរបស់ក្រុមហ៊ុនចិននេះកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩បានបង្កឲ្យជនជាតិចិនរងរបួសស្រាលមួយនាក់ ហើយសមត្ថកិច្ចបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៤នាក់។

បើតាមប្រភពពីមន្ត្រីមូលដ្ឋានឃុំរាមស្រុកព្រៃនប់ថ្លែងថា ករណីពលរដ្ឋផ្ទុះការតវ៉ាឈានដល់មានការរុះរើរបាំងកុងត្រូលនេះ ដោយសារពលរដ្ឋមានកំហឹងជាមួយខាងក្រុមហ៊ុនចិនយិះ ជៀ ដែលដាក់របាំងកុងត្រូលបង្កផលលំបាកដល់ពលរដ្ឋដែលមានលំនៅដ្ឋាននៅតំបន់ខាងក្នុង ពេលចេញ ចូលផ្ទះម្តងៗ។ បញ្ហានេះប្រជាពលរដ្ឋត្រូវសុំឱ្យខាងក្រុមហ៊ុនបើកផ្លូវឱ្យពួកគាត់ឱ្យងាយស្រួលធ្វើដំណើរតាមសម្រួលដែរ ប៉ុន្តែគ្មានដំណោះស្រាយ។

នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា ពលរដ្ឋចំនួន៤រូបដែលសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននោះមាន៖ ទី១.ឈ្មោះ រឿង វិស័យ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិកណ្តាលទួល ឃុំដើមចារ ស្រុកកំពង់ត្រាច ខេត្តកំពត។ ទី២.ឈ្មោះ ហ៊ុយ យ៉េត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៣.ឈ្មោះ កែវ សឹង ភេទប្រុស អាយុ៦៣ ឆ្នាំ មុខរបរធ្វើស្រែ មានទំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទី៤.ឈ្មោះ ឈឹម គឹមយូន ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ​តាមនិតិវិធីនៅឡើយ​រហូត​មកដល់​យប់​ម៉ោង​ ៨ ថ្ងៃទី​ ១៧ ខែ​កក្កដា​។

ក្រោយពីប៉ះទង្គិច និងមានចាប់ខ្លួនប្រជាពលរដ្ឋ នៅក្នុងជម្លោះតវ៉ាការប្រើប្រាស់ផ្លូវរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនេះមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍ហើយរងចាំមើលដំណោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធចំពោះបញ្ហាពាក់ព័ន្ធនឹងជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅតំបន់នោះ។ បាតុភាពនេះអាជ្ញាធរខេត្តគួរតែរួសរាន់ដោះ ស្រាយជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន មិនគួរទុករឿងនេះឱ្យក្លាយទៅជាអំពើហិង្សាទើបយកវិធីបង្ក្រាបមកដោះស្រាយនោះទេ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...