(ភ្នំពេញ)៖ អ្នកបើកបរម៉ូតូកង់បីឥណ្ឌា (Pass App)មួយគ្រឿង បានបើកបើកឆ្លងផ្លូវដែកទាំងប្រថុយ ទំនងចង់សាកល្បឿន ត្រូវបានរថភ្លើង ដឹកអ្នកដំណើរបើកបុករុកកល់កៀបជាប់ ចំណែកអ្នកបើក បរម៉ូតូកង់ បីភ័យព្រលឹងនៅចុងសកើ ស្ទុះលោតចុះ រត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ចំណុចផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ផ្ទាល់បានឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា(Pass App)ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1GS-3933 បានបើកតាមផ្លូវលំក្នុងភូមិដីថ្មី ឆ្លងផ្លូវដែក គោលបំណងឆ្លងទៅផ្លូវម្ខាងទៀត ចូលភូមិប៉ប្រ៉ក ជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ អ្នកបើកបរម៉ូតូកង់បី មុនឆ្លងកាត់ផ្លូវដែក ក៏ត្រូវរថភ្លើង ដឹកអ្នកដំណើរ ដែលបើកពីកើតទៅលិច បុករុញក្រឡាប់កល់កៀបជាប់នឹងក្បាលរថភ្លើង ឯអ្នកបើកម៉ូតូកង់បីមិនមានរងគ្រោះទេ តែភ័យល់ព្រលឹង ស្ទុះលោតចុះ រត់គេចខ្លួនបាត់មិនហ៊ាននៅតវ៉ាទេ។
បន្ទាប់កើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុចកើតហេតុ សល់តែម៉ូតូកង់បី ឯម្ចាស់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចយកម៉ូតូកង់បីទៅរក្សាទុកនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីបន្តស្រាវជ្រាវរក ម្ចាស់មកដោះស្រាយ ចំណែកឯរថភ្លើងបន្តដំណើរដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្តហោះពោធិចិនតុងបាត់ទៅ៕