(ភ្នំពេញ)៖ បើយោងតាមហ្វេសបុកសម្តេចតេជោ បានបង្ហោះនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះបាន បញ្ជាក់ថា« ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។
ហ្វេសបុកសម្តេចបានលើកឡើងទៀតថា« ខ្ញុំបានយល់ព្រមឱ្យគាត់លាលែង និងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែប នេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង»។
ក្រៅពីសម្តេចប្រកាសក្នុងការផ្លាស់ប្តូរតំណែងអភិបាលខេត្តព្រះសីហនុ សម្តេចក៏បាន ប្រកាសសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយផងដែរដោយ សម្តេចអះអាថា មូលហេតុមកពីឯកឧត្តមញឹម វណ្ណដាខ្វះការទទួលខុសត្រូវនិងភូតភរ និងតែងរង ឯកឧត្តម គន់ គីម ជំនួស៕