(ខេត្តព្រះវិហារ) ៖ យុវជន២នាក់ បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈដែលពួកគេ ជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តបុក ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិស្រអែមខាងត្បួង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមបណ្តោយផ្លូវជាតិលេខ69B ពីស្រអែមទៅកាន់ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Ford Ranger ពណ៌ស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2. AY-9595 បើកបរដោយជនមិនស្គាល់អត្តសញាណ ពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កួតទៅបុកម៉ូតូឌ្រីម C125 ស៊េរី ឆ្នាំ២០១៩ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះវិហារ/1C-7555 ដែលឌុបគ្នា៣នាក់ បណ្ដាលឱ្យស្លាប់ភ្លាមៗ ២នាក់ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ។ ឃើញសភាពមិនស្រួល អ្នកបើកបរថយន្តបង្ក បានរត់គេចខ្លួនបាត់។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ។ ចំណែកម៉ូតូ បានយកទៅរក្សាទុក ដើម្បីរង់ចាំ ធ្វើការដោះស្រាយ៕