អាជ្ញាធរខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោងជាង៨ព្រឹកនេះ រកឃើញអ្នកស្លាប់៣នាក់ និងជិត១០នាក់ផ្សេងទៀតរងរបួស ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ
ដោយ Heng  ថ្ងៃទី 22 June, 2019  ម៉ោង 09:25 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងនៅមុននេះបន្តិចថា គិតត្រឹមម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់រលំនៅម៉ោងជិត៥ព្រឹកថ្ងៃនេះ។

លោកអភិបាលខេត្តបន្តថា នៅពេលនេះក្រុមជួយសង្គ្រោះកំពុងប្រើប្រាស់អេស្កាវ៉ាទ័រចំនួន២គ្រឿង និងគ្រឿងចក្រផ្សេងទៀត ដើម្បីស្វែងរកមនុស្សដែលនៅជាប់ក្នុងគំនរអគារដែលរលំនេះ។

បើតាមអាជ្ញាធរអគារដែលកំពុងសាងសង់ហើយបានបាក់រលំនេះ ជារបស់ជនជាតិចិន ដែលបានជួលដីទំហំទទឹង១៥ ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ សាងសង់កម្ពស់៧ជាន់ សង់បានប្រហែល៨០ភាគរយ។

នៅកន្លែងកើតហេតុគេឃើញមានក្រុមសង្គ្រោះ៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ ក៍បានចេញទៅជួយអន្តរគមន៍ស្វែងរកជនរងគ្រៅផងដែរ។

សូមជម្រាបថា នៅម៉ោងជិត៥ និង០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ អារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមនុស្សជាច្រើននាក់ ត្រូវបានគេសន្និដ្ឋានថា កំពុងស្ថិតនៅក្នុងគំនរអគារនេះ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...